(ភ្នំពេញ)៖ កម្មករសំណង់ម្នាក់ឈ្មោះ ជឿម សុជាតិ ជាអ្នកខេត្តបាត់ដំបង ព្រោះតែជីវភាពត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតជាមួយគ្រួសារមកធ្វើសំណង់នៅទីក្រុងភ្នំពេញ ស្រាប់តែចុងខែឧសភានេះ សំណាងមកដល់ គ្រាន់តែក្រអៅឈូកមួយបាច់ធ្វើឲ្យលោកមានវាសនាស្គាល់លុយ ១០,០០០ដុល្លារ។
លោក ជឿម សុជាតិ មានអាយុ ២៣ ឆ្នាំ ជាអ្នកភូមិកកោះ ឃុំកកោះ ស្រុក មោងឬស្សី ខេត្តបាត់ដំបង មានកូនស្រីប្រុស 2 នាក់។ សព្វថ្ងៃលោក និងភរិយាខិតខំធ្វើសំណង់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទំនប់បម្រុងឲ្យកូនបានរៀនសូត្រ។
លោកបានបញ្ជាក់ឲ្យដឹង កាលពីរសៀលចុងខែឧសភានេះ លោកបានចុះបឹង ដើម្បីដកក្រអៅឈូកយកមកធ្វើម្ហូប សល់ខ្លះចែកលក់ឲ្យអ្នកក្បែរផ្ទះមួយបាច់ តម្លៃ ២ពាន់រៀល ក៏លុយនេះទៅទិញប៊ូសស្រ្តងពិសា សំណាងនឹកស្មានមិនដល់ស្រាប់តែគាស់មកឃើញលេខ ១០,០០០ដុល្លារ នៅលើក្រវិលកំប៉ុង។
លោកបានបន្តទៀតថា លោកពិតជាសប្បាយចិត្តរកអី្វថ្លែងមិនបានទេ ព្រោះ ប្រាក់១ម៉ឺនដុល្លារ ធ្វើឲ្យលោកអាចសងបំណុលគេរួច និងបង្កើតមុខរបរដ៏ល្អប្រសើរនៅស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីចាកចេញពីភ្នំពេញ។
រង្វាន់របស់ក្រុមហ៊ុនប៊ូសស្រ្តង បានជួយឲ្យកម្មករសំណង់មានជីវភាពល្អប្រសើរឡើង ជាពិសេសអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោក ក៏ទទួលបានម្នាក់ៗ៥ពាន់ដុល្លារ ផងដែរ៕