(ប៉ៃលិន)៖ ដើម្បីឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ, លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូ ចំនួន៣ខ្សែ និងផ្លូវបេតុង១ខ្សែ សរុបប្រវែង១,៩៩០ម៉ែត្រ ស្ថិតនៅក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ។
លោក ផាន់ ចាន់ធុល បានលើកឡើងថា នយោបាយឈ្នះឈ្នះ របស់សម្តេចជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពនៅទូទាំងប្រទេស ដូច្នេះសន្តិភាពនេះហើយ គឺបានផ្តល់ឱកាស ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅដោយសុខសាន្ត ដោយចូលរួមអបអរសាទរ និងកំសាន្តសប្បាយ នៅក្នុងពិធីបុណ្យតូចធំទាំងអស់ ជាពិសេសបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ជាក់ស្តែងដើម្បីឆ្លើយទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បានចាប់ផ្តើមបើកការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ និងផ្លូវបេតុង១ខ្សែ ហើយផ្លូវនេះ គឺមានតួនាទីជួយសម្រួលបានមួយកម្រឹត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសិក្សា របស់ក្មួយៗសិស្សានុសិស្សផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិ ដែលនៅគៀកផ្ទាល់ នឹងមូលដ្ឋាន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយ បញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។
សូមបញ្ជាក់ថា ផ្លូវដែលអាជ្ញាធរខេត្ត បើកការដ្ឋាស្ថាបនានាពេលនេះ គឺមានប្រវែង ១,៩៩០ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ ប្រវែង១,៦៩០ម៉ែត្រ និងផ្លូវបេតុង ០១ខ្សែ ប្រវែង៣០០ម៉ែត្រ ស្ថិតក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕