Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឈើប្រណីត១០០ដើម ត្រូវបានដាំនៅព្រៃសមាគមស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន

01-06-2020 13:42

(កំពង់ធំ)៖ យ៉ាងហោចណាស់មានឈើប្រណីតៗ ១០០ដើម ត្រូវបានដាំនៅក្នុងសហគមន៍ស្រុកកំពង់ស្វាយ ដែលមានទីតាំងក្នុងឃ្មុំស្រករថ្លុកឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។

ការដាំដើមប្រណីតនេះ បានធ្វើឡើងក្នុងឱកាសដែលសមាគមក្រុមយុវជនស្ត្រីដើម្បីសង្គម ដឹកនាំដោយកញ្ញា លីនដា សហការជាមួយថ្នាលបណ្តុះកូនឈើ ពិភពកូនឈើ ធ្វើដំណើរទស្សនកិច្ចព្រៃសមាគមនៅស្រុកកំពង់ស្វាយ ដោយមានសិស្សនិស្សិត ប្រជាការពារមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

កញ្ញា លីនដា បានឲ្យដឹងថា គោលបំណងនៃការធ្វើដំណើរទស្សនកិច្ច និងដាំដើមឈើប្រណីតក្នុងព្រៃសមាគមនៅស្រុកកំពង់ស្វាយ ធ្វើឡើងដើម្បីបង្កើតជម្រកព្រៃសារជាថ្មី និងបន្សល់ទុកជាមរតក សម្រាប់ក្មេងជំនាន់ក្រោយផងដែរ។ សិស្សនិស្សិត បានចូលរួមដាំដើមឈើប្រកបដោយក្តីស្រលាញ់ពេញចិត្ត និងសាមគ្គីគ្នាយ៉ាងរីករាយជាទីបំផុត។

ក្រុមយុវជនស្ត្រីដើម្បីសង្គម ក៏ធ្លាប់បានបង្កើតយុទ្ធនាការ ៣០ថ្ងៃ ដើម្បីសម្អាតបរិស្ថាន នៅក្នុងខេត្តព្រះសីហនុផងដែរ ដែលយុទ្ធនាការនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។ កញ្ញា លីនដា បានឲ្យដឹងថា ពួកគេតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើនស្ទើរគ្រប់វិស័យ តែមនុស្សមួយចំនួនភ្លេចគិតថា ការរស់នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ៕