(ភ្នំពេញ)៖ ក្នុងរយៈពេលមួយខែមកនេះ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩ មានមន្ដ្រីនគរបាលចរាចរណ៍ចំនួន៥នាក់ ត្រូវបានដកហូតមុខតំណែង និងព្យួរការងារជាបណ្ដោះអាសន្ន ដោយអនុវត្តលើសពីអ្វីដែលបានកំណត់ និងបំពានច្បាប់ចរាចរណ៍។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលរយៈពេលមួយខែ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា នគរបាលចរាចរណ៍ដែលត្រូវដកហូតមុខតំណែង និងព្យួរការងារនេះ នៅខេត្តកំពង់ធំម្នាក់, ស្វាយរៀង ម្នាក់ និងរាជធានីភ្នំពេញចំនួន៣នាក់។ បើតាមនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន នគរបាលទាំង៥នាក់នោះ មានតួនាទីអធិការរង, នាយការិយាល័យ និងមន្ដ្រី។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «មកទល់ពេលនេះ រយៈពេលមួយខែ យើងបានដាក់ពិន័យនគរបាល៥នាក់, ទី១៖ នាយការិយាល័យចរាចរណ៍ខេត្តកំពង់ធំ ត្រូវបានដកហូតមុខតំណែង ព្យួរការងារ, ទី២៖ ព្យួរការងារ អធិការរងស្រុកចន្ទ្រា ខេត្តស្វាយរៀង និងទី៣៖ ព្យួរការងារមន្ដ្រីនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ៣នាក់»

នាយឧត្តមសេនីយ៍អគ្គស្នងការរងរូបនេះ បានសង្កត់ធ្ងន់ថា នគរបាលដែលត្រូវដាក់ពិន័យទាំង៥នាក់នេះ គឺដោយសារល្មើសវិន័យកងកម្លាំង ហើយការព្យួរនេះទៀតសោត គឺទាល់តែមានការសម្រេចថ្មី ទើបឲ្យចូលបំពេញការងារវិញដូចធម្មតា។

សូមជម្រាបថា រយៈពេល០១ខែ (គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០) សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។

បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)៕