Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងបញ្ជូនទៅតុលាការ ករណីលួចកាបូបលុយ

01-06-2020 12:50

(បន្ទាយមានជ័យ)៖ លោកអនុសេនីយ៍ឯក សរ សុភក្រ្តា មេបញ្ជារការស្តីទីមូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះប្រតិបតិ្តការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៣នាក់នេះ រួមមាន៖

១៖ ឈ្មោះ នុត លីហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២៖ ឈ្មោះលឹម រ៉ាលាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៣៖ ឈ្មោះ ភ័ន្ទ សំប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៣នាក់ ជាប់ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) នៅចំណុចភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

លោកអនុសេនីយ៍ឯក សរ សុភក្រ្តា បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ ង៉ែត គន្ថូ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលជនរងគ្រោះជិះម៉ូតូ ម៉ាកស្គុបពី ហើយទុកកាបូបលុយ នៅខ្លុបខាងមុខអាវម៉ូតូ ហើយជនសង្ស័យ បានជិះម៉ូតូតាមពីក្រោយ ពេលមកដល់ក្បែរម៉ូតូខ្លួន ក៏បង្អង់តិចៗ ហើយឆក់យកកាបូបលុយតែម្តង បណ្ដាលឲ្យជនរងគ្រោះដួលរងរបួសទៀតផង។ ជនសង្ស័យធ្វើសកម្មភាពរួច ក៏គេចខ្លួនបាត់អស់។

លោកអនុសេនីយ័ឯក សរ សុភក្ត្រា បានឲ្យដឹងទៀតថា ករណីខាងលើនេះ បានដកហូតវត្ថុតាងរួមមាន៖ កាបូបដាក់ប្រាក់ចំនួន១ ក្នុងនោះ មានប្រាក់ បាតចំនួន១,០០០បាត, ប្រាក់ខ្មែរចំនួន៦៥,១០០រៀល និងប្រាក់ដុល្លារ ២ដុល្លារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១សន្លឹក, នាមប័ណ្ណពិនិត្យសុខភាព ចំនួន១សន្លឹក និងម៉ូតូជនសង្ស័យ១គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំផលិត២០១៣ ពាក់ស្លាកលេខ បាត់ដំបង1Q-4130។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕