(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយ នគរបាលខណ្ឌចំការមន និងខណ្ឌដទៃទៀត បានបើកប្រតិបត្តិការជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៧នាក់ ដែលបានធ្វើសកម្មភាពប្លន់ ជាច្រើនលើកនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ក្នុងនោះទឹកដីខណ្ឌចំការមនច្រើនជាងគេ។
មន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង៧នាក់ ត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់។ មន្រ្តីនគរបាលខណ្ឌចំការមន បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ជាប់ពាក់ព័ន្ធករណីប្លន់យ៉ាងកម្ម ក្នុងរាជធានីភ្នំពេញកន្លងទៅ និងម៉ូតូចំនួន៤គ្រឿង ត្រូវបានដកហូត ដែលក្រុមចោរប្លន់ទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ។
បើតាមសំដីសមត្ថកិច្ច ក្រុមចោរទាំងនេះ បានប្រើដាវសាំម៉ូរៃ កាប់ប្លន់ជនរងគ្រោះ នៅចំនួនបួនទីតាំង ក្នុងរាជធានីភ្នំពេញ រួមមានសង្កាត់ទន្លេបាសាក់ សង្កាត់អូឡាំពិក សង្កាត់ទំនប់ទឹក ខណ្ឌចំការមន និងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ការបន្តបង្ក្រាបក្រុមចោរទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា នឹងជួយកាត់បន្ថយបទល្មើស បានមួយចំណែកទៀត ជូនប្រជាពលរដ្ឋ៕