(ភ្នំពេញ)៖ ក្រុមហ៊ុនអេសស៊ីជី ដែលជាអ្នករៀបចំព្រឹត្តិការណ៍ SCG MUANGTHONG UNITED ASEAN Tour ឆ្នាំ២០១៦ បានរៀបចំពិធីជប់លាងដ៏ធំមួយនៅថ្ងៃទី១៥ ខែមករា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន ដើម្បីអបអរសាទរការប្រកួតរវាង ក្រុម SCG MuangThong United និងក្រុម K-Cement Cambodian All Stars ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ មករា នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។
ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍បាល់ទាត់ជាលក្ខណៈមិត្តភាព និងមនុស្សធម៌ ដោយថវិកាដែលទទួលបានពីការលក់សំបុត្រ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស លោក Nutthavut Photisaro អគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា លោក Roongrote Rangsiyopash ប្រធានអគ្គនាយកក្រុមហ៊ុនអេសស៊ីជី ប្រទេសថៃ ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ក៏ដូចជា ក្រុមកីឡាករទាំងសងខាងផងដែរ ។
ក្នុងឱកាសនោះ លោក Roongrote Rangsiyopash ប្រធានអគ្គនាយកក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា «ក្នុងនាមជាក្រុមហ៊ុនអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ាន អេសស៊ីជី មានទស្សនវិស័យ និងការប្តេជ្ញាចិត្ត ក្នុងការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍសង្គម និងសហគមន៍ដែលយើងធ្វើប្រតិបត្តិការ ដោយជ្រុងដ៏សំខាន់មួយរបស់យើង គឺកីឡា ។ យើងជឿរជាក់យ៉ាងមុតមាំថា កីឡាជាសកម្មភាព ដែលបណ្តុះសាមគ្គីភាព និងមិត្តភាព ដូចជា ភាសា សាកលសម្រាប់មនុស្សជាតិដូច្នោះដែរ »។
លោកបន្ថែមទៀតថា «ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ នេះ អាចទទួលជោគជ័យទៅបាន ក៏ដោយសារមានការសហការគាំទ្រពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណអ្នកគ្រប់គ្នាជាខ្លាំង»។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងផងដែរថា «ការប្រកួតនេះ មិនមែនជាការប្រយុទ្ធគ្នានោះទេ តែជាការបង្ហាញនូវមិត្តភាព និងសាមគ្គីភាព ហើយព្រឹត្តិការណ៍ធ្វើឡើងនេះ ក៏ដូចជាការអបអរសាទរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែរ ហើយខ្ញុំ និងក្រុមកីឡាករ ពិតជារីករាយ និងមានមោទនភាព ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ »។
គួរបញ្ចាក់ផងដែរថា ការប្រកួតនេះជាការប្រកួតមួយ ដែលមានការទន្ទឹងរងចាំពីអ្នកគាំទ្រកីឡាបាល់ទាត់ជាច្រើននៅក្នុងប្រទេសកម្ពុជា ពីព្រោះក្រុម K-Cement Cambodian All Stars គឺជាក្រុមមួយដែលបានជ្រើសរើសជាពិសេស ដោយសម្រិតសម្រាំងកីឡាករមានទេពកោសល្យ ជាច្រើនក្នុងប្រទេសកម្ពុជា ដូចជា ប្រធានក្រុមជម្រើសជាតិកម្ពុជាលោក ធារី ចន្ថាប៊ីន និងខ្សែប្រយុទ្ធល្បី ចាន់ វឌ្ឍនាកា ជាដើម។ ចំណែក ក្រុម SCG MuangThong United វិញ ក៏ជាក្រុមដ៏ខ្លាំង និងពេញនិយមបំផុតមួយ ក្នុងប្រទេសថៃផងដែរ ។ នៅរដូវកាលនេះ ក្រុម SCG MuangThong United បានជាប់លេខពីរនៅក្នុងក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសថៃ ។
ការប្រកួតនៅថ្ងៃសៅរ៍ទី ១៦នេះ ទ្វារនឹងបើកទទួលអ្នកចូលទស្សនាចាប់ពីម៉ោង ៤ល្ងាច ហើយការប្រកួតជាក់ស្តែងនឹងចាប់ផ្តើមនៅម៉ោង ៦ល្ងាច ៕