(ស្វាយរៀង)៖ មេបញ្ជាការអាវុធហត្ថ ខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានដាក់ផែនការបន្តទៀត ដល់កងកម្លាំងរបស់ខ្លួន លើការពង្រឹង ស្រាវជ្រាវ និងបង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធ តាមមូលដ្ឋាន ស្វែងរកសន្តិសុខប្រជាពលរដ្ឋ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារ បន្តសម្រាប់ឆ្នាំ២០១៦ ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី និងមានការចូលរួមពីមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុកសរុបចំនួន៥៤នាក់ផងដែរ។
ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានវាយតម្លៃខ្ពស់ នូវលទ្ធផលស្នាដៃធំៗ ដែលកងរាជអាវុធហត្ថខេត្ត សម្រេចបានមួយឆ្នាំកន្លងមក និងលើកទិសដៅភារកិច្ចសំខាន់ៗ សំរាប់អនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ស្តីពីបង្កើនការវាយបង្ក្រាប ក្រុមចោរប្រដាប់អាវុធ ដែលអាចកើតមានឡើង នៅលើទឹកដីខេត្តស្វាយរៀង។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលចុងក្រោយ ក្រុមចោរប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាពប្លន់ជាបន្តបន្ទាប់ នៅខេត្តមួយចំនួន រួមមានខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកណ្តាល ជាដើម ហើយក្រុមចោរខ្លះ ត្រូវបានកម្លាំងសមត្ថកិច្ចតាមបង្ក្រាប និងខ្លះទៀតនៅបន្តសេរីភាពដដែល។ ទាំងនេះហើយ បានធ្វើឲ្យនាយករដ្ឋមន្រ្តី ប្រកាសដាក់បទបញ្ជាដល់ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ទាំងនគរបាល និងអាវុធហត្ថ ត្រូវបន្តស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ក្នុងការបង្ក្រាបបទល្មើសទាំងនេះ៕