(កំពង់ឆ្នាំង)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង បាននាំយកពូជស្រូវសែនក្រអូបចំនួន១០តោន ទៅចែកជូនប្រជាពលរដ្ឋ៧ឃុំ ក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរសម្តេចចៅហ្វាវាំង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ធ្វើស្រូវវស្សាក្នុងឆ្នាំនេះឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងនាំចេញទៅក្រៅប្រទេស។

ការអញ្ជើញចែកពូជស្រូវ សែនក្រអូបចំនួន១០តោននេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅឃុំអញ្ចាញរូង ស្រុកបរិបូណ៌។

សម្ដេចចៅហ្វាវាំងបានបន្តថា ស្រូវពូជដែលបានចែកជូនបងប្អូននៅពេលនេះ គឺឈ្មោះស្រូវពូជសែនក្រអូប សម្រាប់ឲ្យបងប្អូនយកទៅធ្វើការដាំដុះ ដើម្បីសម្រាប់ទទួលទានផង និងបន្តទុកពូជឆ្នាំក្រោយៗទៀតផង។

ជាមួយនឹងការដាំដុះនេះដែរ សម្ដេចក៏បានផ្តាំផ្ញើឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាដាក់ជីដាក់ទឹក និងគ្រប់គ្រងឲ្យបានល្អ ដើម្បីទទួលបានទិន្នផលខ្ពស់។ ជាងនេះទៅទៀតសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ ដោយលាងដៃ និងសាប៊ូ ឬអាកុលឲ្យបានញឹកញាប់ ពិសេសការចម្អិនអាហារត្រូវឲ្យបានឆ្អិនល្អ ដើម្បីចៀសវាងពីការឆ្លងជំងឺកូវីដ-១៩ រលកទី២នេះ។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានឲ្យដឹងថា ពូជស្រូវសែនក្រអូប ដែលបានចែកជូនប្រជាកសិករចំនួន ១០តោននៅស្រុកបរិបូណ៌ នៅពេលនេះ គឺមានពលរដ្ឋចំនួន៧ឃុំ គឺឃុំអញ្ចាញរូង, ឃុំខុនរ៉ង, ឃុំចក, ឃុំពេជ្រចង្វា, ឃុំផ្សារ, ឃុំពពេល, នឹងឃុំពន្លៃ, ដែលមានប្រជាពលរដ្ឋចំនួន២៨០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវ ពូជ សែនក្រអូបនេះ ចំនួន២៥គីឡូក្រាម ផងដែរ។ បន្ថែមពីលើការចែកជូនពូជស្រូវសែនក្រអូប ដល់ប្រជាពលរដ្ឋទាំង៧ឃុំ សម្ដេចចៅហ្វាវាំង ក៏បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀលផងដែរ៕