ប្រតិភូគណៈកម្មការអប់រំ នៃរដ្ឋសភា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកគ្រូ ឈិន ឈៀង
31-05-2020 08:23
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ វីរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃ លោកគ្រូ ឈិន ឈៀង ដែលទទួលមរណភាព កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
គណៈប្រតិភូគណៈកម្មការអប់រំ នៃរដ្ឋសភា បានចាតុទុក មរណភាពរបស់លោកគ្រូ ឈិន ឈៀង គឺជាការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក ជីតា ព្រមទាំងជាការបាត់បង់វីរៈសិល្បករឆ្នើមមួយរូប ដែលបានចូលរួមរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌សិល្បៈខ្មែរ ជាពិសេសលើផ្នែកចំរៀងអាយ៉ៃ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការទី៧ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារក៏ដូចជាញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកគ្រូ ឈិន ឈៀង សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕