(ស្ទឹងត្រែ)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីរាជការ និងចៅហ្វាយស្រុកបុរីអូរស្វាយ និងចៅហ្វាយស្រុកសៀមប៉ាង ចុះដាំគ្រាប់ពូជត្នោត នៅតាមដងផ្លូវបំបែកពីទីរួមស្រុកសៀមប៉ាងឆ្ពោះទៅផ្លូវបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ចំនួន ១០ម៉ឺនគ្រាប់ ត្រង់ចំណុច «អូរគុ»។
ក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន បានឱ្យដឹងថា តំបន់ «អូរគុ» នេះគឺជាតំបន់ដែលរងគ្រោះដោយសង្គ្រាម ជាតំបន់ឆ្លងកាត់របស់ខ្មែរក្រហម ហើយគ្មានប្រជាជនណាអាចមករស់នៅរកស៊ីនៅទីនេះ បានទេដោយសារគុណបំណាច់នៃរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានចចារជាទ្វេភាគីជាមួយក្រុមផ្តាច់ខ្លួនរបស់ខ្មែរក្រហម ឱ្យចូលមករួមគ្នា ដើម្បីកសាងប្រទេសជាតិឱ្យមានសុខសន្តិភាពពេញលេញ ដូច្នេះ ហើយទើបយើងមានឱកាសមកអភិវឌ្ឍន៍តំបន់នេះឱ្យមានផ្លូវមានស្ពានឆ្លងទន្លេពីរកន្លែងយ៉ាងស្រស់ស្អាត។
អភិបាលខេត្ត បានបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ដូច្នេះ ត្រូវកែច្នៃសោភ័ណភាពនៅទីនេះឱ្យមានសម្រស់ស្រស់បំព្រងទើបរដ្ឋបាលខេត្ត បានយកគ្រាប់ពូជត្នោតនេះ មកដាំតាមបណ្តោយសង្ខាងផ្លូវទាំងនេះ ពេលវាធំឡើងអាចចូលរួមទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តនៅទីនេះ នេះជាមោទនភាពខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានរួបរួមគ្នាកសាង ការពារ និងអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។
លោក ផាន់ យុត អភិបាលស្រុកសៀមប៉ាង បានបង្ហាញក្ដីសប្បាយរីករាយដែលរដ្ឋបាលខេត្តដឹកនាំដោយ លោកអភិបាលខេត្តស្ទឹងត្រែង ដែលបាននាំយកគ្រាប់ពូជត្នោតមកដាំនៅមូលដ្ឋានស្រុកសៀមប៉ាង ហើយលោកក៏បានដឹកនាំមន្ត្រីរាជការក្នុងរដ្ឋបាលសាលាស្រុកទាំងអស់ចូលរួមយ៉ាងក្ដីរីករាយ។
លោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានថ្លែងថា លោកក៏បានដឹកនាំមន្ត្រីរាជការក្នុងមន្ទីរព័ត៌មានទាំងអស់មកចូលរួមក្នុងកម្មវិធីនេះដែរហើយលោកបន្តទៀតថានេះជាលើកទី៣ ហើយដែលលោកអភិបាលខេត្តបាននាំគ្រាប់ពូជត្នោតមកដាំនៅតាមបន្ទាត់ព្រំដែននេះ។
លើកទី១ ដាំនៅចំណុចបង្គោលព្រំដែនលេខ៧១ ដល់ចំណុចព្រំដែនបង្គោលលេខ៧៥ ដាំបានចំនួន ៣ម៉ឺនគ្រាប់, លើកទី២ ពីចំណុចបង្គោលព្រំដែនលេខ៧៥ ដល់៧៨ ដាំបានចំនួន ៥ម៉ឺនគ្រាប់ និងលើកទី៣នេះ មានចំនួន ១០ម៉ឺនគ្រាប់ ចាប់ពីចំណុចអូឫស្សីផ្លូវបំបែកពីទីរួមស្រុកសៀមប៉ាង ឆ្ពោះទៅព្រំដែនចំណុច «ពូគុក» បង្គោលព្រំដែនលេខ៧៨។
លោកបានបញ្ជាក់ថា ដើមត្នោតជាកេរមរតកដូនតានៃវប្បធម៌ជាតិយើង នៅពេលដែលគ្រាប់ពូជនេះ ដុះលូតលាស់ចេញគ្នារៀងជាដើមវាអាចផ្ដល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ នៅតាមព្រំដែន និងអាចកែប្រែកំណើនសេដ្ឋកិច្ចស្រុកខេត្តអាចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕