(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសហើយពីភាពអព្យាក្រិត្យចំពោះទំនាក់ទំនងអន្តរជាតិរបស់ខ្លួន និងធ្វើទំនាក់ទំនងដោយស្មើភាពសម្រាប់ប្រទេសជាមិត្តទាំងអស់។
បើទោះបីរាជរដ្ឋាភិបាលបង្ហាញពីនយោបាយទំនាក់ទំនងអន្តរជាតិរបស់ខ្លួនយ៉ាងនេះក្តី តែគេបានមើលឃើញថា ការធ្វើទំនាក់ទំនងជាមួយប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ចលើកលោកអាមេរិក និងចិន គឺកម្ពុជាមានទំនាក់ទំនងស្អិតល្មួតជាមួយចិន ជាងសហរដ្ឋអាមេរិក។ ព្រោះតែបែបនេះ នាំឱ្យមានទស្សនៈមួយចំនួនថា ការដែលកម្ពុជាស្និទ្ធស្នាលជាមួយចិន មិនមានផលចំណេញដូចការធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះឡើយ។
ក្នុងកិច្ចពិភាក្សាស្តីការប្រឈមដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្រុមអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយផងដែរ បានរួមគ្នាឆ្លើយតបចំពោះទស្សនៈខាងលើនេះ។
ក្រុមអ្នកជំនាញជាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយ គេបានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា មិនបានមានទំនោរខ្លាំងទៅប្រទេសណាមួយនោះឡើយ តែកម្ពុជាក៏ត្រូវមើលឃើញពីភាពចំណេញផ្នែកសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។ មានន័យថា ប្រទេសណាដែលផ្តល់ប្រយោជន៍សម្រាប់កម្ពុជា កម្ពុជាក៏ផ្តល់ទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តដូចគ្នា។
ក្រុមអ្នកជំនាញដែលមានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានឱ្យទីភ្នាក់ងារព័ត៌មាន Kyodo និងលោកបណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានមើលឃើញថា ចិន បានផ្តល់ប្រយោជន៍ច្រើនសម្រាប់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ទើបធ្វើឱ្យកម្ពុជា និងចិនមានទំនាក់ទំនង។
អ្នកជំនាញទាំងនេះ ក៏បានលើកឡើងដែរថា ប្រសិនបើអាមេរិក ចង់មានទំនាក់ទំនងល្អជាមួយកម្ពុជា ក៏ត្រូវតែពិនិត្យឡើងវិញនូវការធ្វើទំនាក់ទំនងរបស់ខ្លួនជាមួយផងដែរ។ ក្រុមអ្នកជំនាញ បានលើកឡើងថា ចង់បានទំនាក់ទំនងល្អ មិនត្រូវនិយាយតែរឿងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដោយមិនគិតពីការធ្វើនយោបាយផ្នែកសេដ្ឋកិច្ចនោះឡើយ។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគរវាងចិន និងអាមេរិក នៅកម្ពុជាមានទំហំទឹកប្រាក់ខុសគ្នាច្រើន ពោលចិនឈរនៅលំដាប់កំពូលសម្រាប់ការវិនិយោគនៅកម្ពុជា។
របាយការណ៍បង្ហាញថា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែមករា ឆ្នាំ២០១៩ ការវិនិយោគចិននៅកម្ពុជា មានចំនួន ២៣ពាន់លានដុល្លារអាមេរិក។ រីឯការនិយោគអាមេរិកនៅកម្ពុជាវិញ មានត្រឹមតែជាង ៩៣៦លានដុល្លារអាមេរិកប៉ុណ្ណោះ។
ខាងក្រោមជាវីដេអូបង្ហាញទស្សនៈរបស់អ្នកជំនាញទំនាក់ទំនងរវាងកម្ពុជា ជាមួយចិន និងអាមេរិក៖