(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ១៩ ដោយការពារខ្លួនពីជំងឺគ្រប់ពេលវេលា។
ការផ្តាំផ្ញើនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសលោកស្រីបាននាំយកនូវអំណោយជូនដល់ នារីក្រុងស្វាយរៀង ដើម្បីទុក្ខចែកអ្នកខ្វះខាត។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវក្តីសោមន្សរីករាយ ចំពោះការយកចិត្តទុកដាក់របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង ដែលបានបំពេញនូវតួនាទី ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែកនៃវឌ្ឍនៈភាពកម្ពុជា។ ជាពិសេស បានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ផងដែរ។
លោកស្រីបានផ្តាំផ្ញើនារីក្រុងស្វាយរៀង និងប្រជាពលរដ្ឋថា ត្រូវធ្វើយ៉ាងណា កសាងអភិវឌ្ឍន៍សមត្ថភាព ឲ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេស ក្នុងដំណាក់កាលនេះ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩ ទាំងអស់គ្នា ដោយរក្សាអនាម័យ និងគម្លាតនៃការរស់នៅ និងអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបានស្លាប់បាត់បង់ជីវិតដោយសារកូវីដ១៩ នៅមន្ទីរពេទ្យក្នុងប្រទេសម៉ាលី ក្នុងអំឡុងពេលបំពេញការងារមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។
អំណោយដែលបានជូនទៅនារីក្រុងស្វាយរៀង សម្រាប់ធ្វើការងារមនុស្សធម៌ ចែកជូនគ្រួសារដែលមានអ្នកឈឺ ឬមានសមាជិកស្លាប់នៅតាមសង្កាត់រៀងៗខ្លួន រួមមាន៖ អង្ករ ១៨បាវ មី៤កេស ស្ករស ១៨គីឡូក្រាម និងថវិកាមួយចំនួន៕