(ភ្នំពេញ)៖ លោក António Guterres អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានប្រកាសថា យ៉ាងហោចណាស់មានកងទ័ពមួកខៀវចំនួន២នាក់ ដែលបម្រើការងាររក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី បានស្លាប់ដោយសារឆ្លងជំងឺកូវីដ១៩។
ការបញ្ជាក់របស់លោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានធ្វើឡើងក្នុងទិវាអន្តរជាតិ នៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅឯវិមាននៃការចងចាំកងរក្សាសន្តិភាព នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ។ យោងតាមវេបសាយរបស់អង្គការសហប្រជាជាតិ, លោក António Guterres បានឲ្យដឹងថា កងទ័ពមួកខៀវទាំងពីរនោះ មានម្នាក់មកពីប្រទេសកម្ពុជា និងម្នាក់ទៀតមកពីប្រទេសអេលសាវ៉ាឌ័រ។
អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាអកុសល, ខ្ញុំសូមជម្រាបថា សហសេវិកយោធារបស់យើងពីរនាក់ បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩ (ម្នាក់មកពីប្រទេសកម្ពុជា និងម្នាក់ទៀតមកពីប្រទេសអេលសាវ៉ាឌ័រ)។ ឥលូវនេះ, ដើម្បីគោរពដល់ការលះបង់ ដែលជាមហាកិត្តិយសរបស់អ្នកទាំងនោះ ពេលបំពេញកាតព្វកិច្ចរក្សាសន្តិភាព ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសាររបស់ពួកគេ»។
លោកបន្ថែមថា គិតមកដល់ពេលនេះ យ៉ាងហោចណាស់ មានស្ត្រី និងបុរសជាង ៣.៩០០នាក់ ដែលបានបាត់បង់ជីវិតតាំងពីឆ្នាំ១៩៤៨ ពេលកំពុងបម្រើការងាររក្សាសន្តិភាព នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ យោងតាមនាយកដ្ឋានរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានកងទ័ពមួកខៀវចំនួន ១៧៣នាក់ បានឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស សាវី ជាទាហានមួកខៀវកម្ពុជា ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕