(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានចូលរួមរំលែក និងសោកស្តាយចំពោះកងទ័ពមួកខៀវកម្ពុជា ដែលបានទទួលមរណភាព នៅប្រទេសម៉ាលី ដោយសារជំងឺកូវីដ១៩។
កងទ័ពមួកខៀវកម្ពុជាមួយរូប គឺលោកឧត្តមសេនីយ៍ទោ ស សាវី បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ពេលលោកកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចាត់ទុកការបាត់បង់ជីវិតរបស់យុទ្ធជនខ្មែរនៅបរទេសនេះ ជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះជាតិមាតុភូមិ ជាពិសេសកិច្ចមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងធំៗ សរុបជិត ៧៨៧នាក់ ក្នុងនោះនារីចំនួន ៧៦នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៦រួមមាន៖ លីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយ៉េមែន។
កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៧នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះស្លាប់ ១នាក់ ជាសះស្បើយ ២នាក់ និង ៤នាក់ផ្សេងទៀត កំពុងព្យាបាល៕