(កំពង់ចាម)៖ យុវជនស្រុកចំការលើ ខេត្តកំពង់ចាមចំនួន ៣៧២ នាក់ត្រូវបានទទួលការអប់រំ ក្នុងវគ្គបំពាក់បំប៉នសមត្ថភាពនយោបាយ ក្រោមអធិបតីភាព លោកបណ្ឌិតហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។

ក្នងឱកាសដ៏សប្បាយរីករាយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជំរាបជូនអំពីសភាពការណ៍ពិត និងសមិទ្ធិផលធំៗដែល រាជរដ្ឋាភិបាល ដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជាសំរេចបាន ពិសេស គឺកត្តាសន្តិភាព ឯកភាពទឺកដី និងការអភិវឌ្ឍន៏លើគ្រប់វិស័យ ហើយដោយសារការដឺកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ដែលជានិច្ចកាលតំកល់ប្រយោជន៍រាស្រ្តជាធំ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា វគ្គបំពាក់បំប៉ននេះ គឺដើម្បីត្រៀមកំលាំងយុវជន ជាមុនសំរាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤ និង ការបោះឆ្នោតតំណាង​រាស្រ្តអណត្តិទី៦។ វគ្គបំពាក់បំប៉ននេះ ជាទុនដ៏វិសេសវិសាលដែលអាចឲយុវជន យើងយល់ដឹងពីវិធីសាស្រ្តថ្មីៗ ទាក់ទងជាមួយការឃោសនា វិធីសាស្រ្តការពារគណបក្ស រក្សាសមាជិកបក្ស ការកសាង​បណ្ដាញ និង ការចូលរួមក្នុងសកម្មភាពមនុស្សធម៌នានា។

លោក ហួត ហាក់ អនុប្រធានក្រុមការងារចុះជួយស្រុកចំការលើ និងជាប្រធានទទួលការងារយុវជន ស្រុកចំការលើបានឲ្យដឹងថា វគ្គបំពាក់បំប៉នលើកទី១នេះ គឺផ្ដោតលើមេរៀនជាគន្លឹះចំនួន៥ ៖

១. សិល្បៈនៃការបកស្រាយអំពីខ្លួននាក់ និង គូបដិបក្ស
២. ភាពជាអ្នកដឹកនាំ
៣. ការកសាងបណ្ដាញ
៤. យុទ្ធនាការចុះតាមខ្នងផ្ទះ
៥.បណ្ដាញទំនាក់ទំនងសង្គម។