(កំពង់ធំ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចង្អុលបង្ហាញការងារអាទិភាពចំនួន១១ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ឱ្យខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
ការដាក់ចេញការងារអាទិភាពទាំងនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។ ពិធីនេះ ក៏មានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញការងារសំខាន់ៗចំនួន១១ ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប យកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ ការងារទាំង១១នោះរួមមាន៖
ទី១៖ ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។
ទី២៖ ក្រសួងពាណិជ្ជកម្ម បានធ្វើកែសម្រួលរចនាសម្ព័ន្ធតាមរយៈអនុក្រឹត្យលេខ៣៨ អនក្រ បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដែលបច្ចុប្បន្នក្រុមការងាររបស់ក្រសួងកំពុងរៀបចំប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននីយមួយៗ និងប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តឡើងវិញ ដើម្បីឱ្យមានលក្ខណៈសមស្របតាមសកម្មភាពការងារពេលបច្ចប្បន្ន។
ទី៣៖ ចំពោះអនុក្រឹត្យថ្មីរនេះ ក្រសួងពាណិជ្ជកម្ម បានកែសម្រួល ឈ្មោះអគ្គនាយកដ្ឋាន (កាំកុងត្រូល) មកជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) វិញ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលធ្វើការរំកិលការងារពីច្រកព្រំដែន មកធ្វើការក្នុងប្រទេសវិញ។
ទី៤៖ ក្រុមការងារកំពុងរៀបចំស្នើសុំការឯកភាពក្នុងការកែសម្រួលរចនាសម្ព័ន្ធថ្មី សម្រាប់អគ្គនាយកដ្ឋាននេះ ទៅក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱស្របតាមតួនាទី និងភារកិច្ចថ្មីរបស់អគ្គនាយកដ្ឋាន តទៅមុខអគ្គនាយកដ្ឋាននេះ នឹងប្រែមុខងារមាត់ថ្មីក្នុងការថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យគ្រប់សកម្មភាពការធ្វើពាណិជ្ជកម្ម។
ទី៥៖ មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្ត ត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវា ជាពិសេសអាល់កុល ឱ្យកាន់តែសកម្មថែមទៀត ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងត្រូវណែនាំឱ្យពួកគាត់ចេះសម្អាតដៃ និងអនាម័យគ្រប់ពេល ដើម្បីសុខភាពគ្រួរសារគាត់ និងជៀសផុតការឆ្លងជំងឺកូវីដ១៩នេះ ។
ទី៦៖ មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្ត ត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗ ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម ជាពិសេស ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មកំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ។
ទី៧៖ មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ត្រូវសហការជាមួយអាជ្ញាធរដែនដីចុះពង្រឹងការអនុវត្តបទបញ្ញត្តិនានា ទាក់ទងនឹងការលើកផ្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀតដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល។ កុំចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើ គឺត្រូវចេះម្ចាស់ការដោយខ្លួនឯង។
ទី៨៖ មន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្ត ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង។
ទី៩៖ មន្ទីរពាណិជ្ជកម្មខេត្ត ត្រូវសហការណ៍ជាមួយអាជ្ញាធរខេត្ត លើអនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។
ទី១០៖ ក្រសួង បានចេញប្រកាសស្តីពីការគ្រប់គ្រងការចេញលិខិតអនុញ្ញតរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលមានចំពោះស្តង់ចាប់ពី៥០ស្តង់ចុះ ឱ្យមកមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត អនុវត្ត។
ទី១១៖ ត្រូវខិតខំក្ដាប់ឱ្យបាននូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធ និងរាយការណ៍ទៅឯកឧត្តមអភិបាលខេត្ត និងក្រសួងដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។
សូមបញ្ជាក់ថា នៅក្នុងចក្ខុវិស័យពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មបានផ្ដោតយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់ផលិតកម្ម និងការធានាគុណភាពនៃផលិតផលឱ្យស្របតាមស្ដង់ដាររបស់ទីផ្សារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ការក្លែងបន្លំ ការពង្រឹងយន្ដការត្រួតពិនិត្យគុណភាពទំនិញដើម្បីធានាឱ្យការនាំចេញ៕