(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានប្រកាសឲ្យដឹងថា ខ្លួនអាចនឹងបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការចុះ ហត្ថលេខាលើ សន្ធិសញ្ញាសន្ដិភាពជាមួយសហរដ្ឋអាមេរិក និងអាមេរិកត្រូវបញ្ឈប់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៦ ខែមករា។
សារព័ត៌មានក្នុងស្រុកកូរ៉េខាងជើង បានចេញផ្សាយដោយស្រង់សំដីថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងថា រដ្ឋាភិបាលព្យុងយ៉ាង អាច បញ្ឈប់សកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរបាន លុះត្រាតែអាមេរិក យល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញាសន្ដិភាពនិងបញ្ឈប់ការ ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង។
មន្ត្រីការបរទេសកូរ៉េខាងជើង ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន គឺជាសក្ខីភាពបញ្ជាក់ថា កូរ៉េខាងជើង មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅ ដោយមិនចាពឹងផ្នែកលើនរណា ជាពិសេសគឺកូរ៉េខាងជើង មានវត្ថុធាតុដើមគ្រប់គ្រាន់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងត្បូង និងអាមេរិក តែងតែធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ក្នុងគោលដៅដើម្បីការពារ ប៉ុន្តែការធ្វើសមយុទ្ធនេះ ត្រូវបាន កូរ៉េខាងជើង យល់ឃើញថា ជាសកម្មភាពឈ្លានពាន និងគំរាមកំហែងមួយ ដែលអាចបង្កជាសង្គ្រាមបាន៕