(នីហ្សេរីយ៉ា)៖ យោងតាមទីភ្នាក់ងារព័ត៌មានសិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរាតត្បាត ពីជំងឺផ្តាសាយ Lassa នៅក្នុង ១០រដ្ឋ ទូទាំងប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់ ៤៥នាក់ហើយ។
មនុស្សចំនួន២នាក់បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅភាគខាងត្បូងឆៀងខាងលិច រដ្ឋ Ondo ជាកន្លែងដែលមនុស្ស ៣១នាក់ផ្សេងទៀត ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីការរាតត្បាតជំងឺនេះកើតឡើង។ វេជ្ជបណ្ឌិតម្នាក់ ដែលធ្វើការព្យាបាលអ្នកជំងឺផ្តាសាយ Lassa នៅមន្ទីរពេទ្យក្នុងរដ្ឋ Rivers បានស្លាប់ដោយសារវីរ៉ុស នេះបើតាមលោក Furo Green ប្រធានសមាគមគ្រូពេទ្យនីហ្សេរីយ៉ា ប្រចាំនៅរដ្ឋ Rivers បានឲ្យដឹងយ៉ាងដូច្នេះ។
ក្នុងនោះផងដែរ រដ្ឋធានី Abuja របស់នីហ្សេរីយ៉ា បានបញ្ជាក់ថាខ្លួនមានអ្នកស្លាប់ជាលើកដំបូង ដោយសារវីរ៉ុស Lassa នៅក្នុងសប្តាហ៍នេះ។ ជំងឺផ្តាសាយ Lassa ត្រូវបានរកឃើញជាលើកដំបូង ក្នុងឆ្នាំ១៩៦៩ នៅតំបន់ Lassa ប្រទេសនីហ្សេរីយ៉ា ដោយករណីមួយចំនួន ជំងឺ Lassa មានលក្ខណៈស្រដៀងទៅនឹងជំងឺគ្រុនចាញ់។ ការរាតត្បាតចុងក្រោយនេះ គឺជាការរាតត្បាតដ៏អាក្រក់បំផុត នៅក្នុងប្រទេសនីហ្សេរីយ៉ា នារយៈពេល ៤ឆ្នាំចុងក្រោយនេះ ដោយវាបានផ្ទុះឡើងកាលពីខែវិច្ចិកាឆ្នាំមុន ហើយករណីជាលើកដំបូង ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅតំបន់ភាគខាងជើងឆៀងខាងកើត រដ្ឋ Bauchi។
អាជ្ញាធរនីហ្សេរីយ៉ា បានឲ្យដឹងថា ពួកគេបានលទ្ធភាពក្នុងការគ្រប់គ្រង ការរាតត្បាតនេះ ហើយមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយនីហ្សេរីយ៉ា បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងឆ្លើយតប លើរដ្ឋទាំងអស់ដែលរងផលប៉ះពាល់។
គួរជម្រាបថា នៅក្នុងឆ្នាំ២០១២ ជំងឺផ្តាសាយ Lassa បានសម្លាប់មនុស្សជាង៤០នាក់ នៅ១២រដ្ឋទូទាំងប្រទេសនីហ្សេរីយ៉ា៕