(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើពិធីប្រកាសសម្រួលភារកិច្ច ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ ចំណុះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាព។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាព ដោយមានការចូលរួមពីមន្ត្រីនគរបាលជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលជាដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។
អង្គពិធីនេះ បានប្រកាសសម្រួលភារកិច្ច ផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងចំនួន ៣០រូប រួមមាន៖ ប្រធានលេខាធិការដ្ឋាន, ប្រធានមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ, អនុប្រធានលេខាធិការដ្ឋាន, អនុប្រធានមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ, ជំនួយការ, និងនាយរងការិយាល័យចំណុះលេខាធិការដ្ឋាន និងបំពាក់ឋានន្តរស័ក្តិចំនួន ៤០រូប ថ្នាក់ឧត្តមសេនីយ៍ឯក ១រូប, ឧត្តមសេនីយ៍ទោ ១រូប, ឧត្តមសេនីយ៍ត្រី ចំនួន ៦រូប, វរសេនីយ៍ឯក ៩រូប, វរសេនីយ៍ទោ ចំនួន ៩រូប, និងវរសេនីយ៍ត្រីចំនួន ១៦រូប។
ក្នុងនោះ ក៏មានពិធីប្រគល់អនុក្រឹត្យសម្រួលភារកិច្ច ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន ៣រូប រួមមាន៖
១៖ ឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ពីប្រធានលេខាការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
២៖ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធាននាយកដ្ឋានេះជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយករង។
៣៖ វរសនីយ៍ទោបណ្ឌិឱសថសាស្ត្រ ឯម វុឌ្ឍីន៍ ជាប្រធានមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ។
បន្ទាប់ពីឡើងថ្លែងមតិប្តេជ្ញាចិត្តតំណាងមន្ត្រីនគរបាលជាតិ ដែលទើបទទួលបានការតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិដោយឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា, នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងផ្តាំផ្ញើដល់អង្គពិធីទាំងមូល ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យអស់ពីកម្លាំងកាយ និងចិត្តបន្ថែមទៀត ដើម្បីបម្រើប្រជាជន បម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបម្រើជាតិកម្ពុជា។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ថែមទាំងបានក្រើនរំលឹកថា ឋានន្តរស័ក្តិគ្រាន់តែជាវត្ថុបំពាក់ជាប់នឹងខ្លួនតែប៉ុណ្ណោះ ប៉ុន្តែតម្លៃនៃយសស័ក្តិពិតប្រាកដ គឺស្ថិតនៅលើសកម្មភាពបំពេញការងារ ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ៕