(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋមួយចំនួន បានចូលកាប់ដុតព្រៃឈើនៅក្នុងតំបន់អភិរក្សធនធានធម្មជាតិជួរភ្នំក្រវាញកណ្ដាល ខេត្តពោធិ៍សាត់ ក្រោមហេតុផលដើម្បីយកដីធ្វើចម្ការ ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ច និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចុះទៅហាមឃាត់ទង្វើខុសច្បាប់នេះ បែរជាពួកគេលើកគ្នាមកតវ៉ាបែកផ្សែង ដៃប្រដាប់ដោយដំបង កាំបិត ជាមួយនឹងពាក្យសម្ដីប្រមាថទៅលើកម្លាំងដែលចុះហាមឃាត់នោះ។
ហេតុការណ៍ប្រឈមមុខដាក់គ្នានេះ កើតឡើងនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចនិយាមការលេខ 0343470-1357405 លើខ្នងភ្នំរៀល ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ។ ចំណែកឯការចុះអន្តរាគមន៍ខាងលើនេះ ត្រូវបានដឹកនាំដោយមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក អាយ ឌី ជនជាតិអ៊ុយក្រែន និងចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
នៅពេលតវ៉ាជាមួយគ្នានោះ ទាំងប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចបានថតវីដេអូ-រូបភាពនូវសកម្មភាពហេតុការណ៍នោះរៀងៗខ្លួន ប៉ុន្តែអ្វីដែលឆ្គាំឆ្គងលើសពីនេះ គឺនៅក្រោយពេលប្រឈមមុខ ដាក់គ្នារួចមក វីដេអូដែលថតដោយប្រជាពលរដ្ឋ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដែលមានគណនីឈ្មោះថា «សំលេងពលករចង់បានការផ្លាស់ប្តូរ» ក្នុងន័យចាត់ទុកទង្វើរបស់ សមត្ថកិច្ច-អង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអំពើព្រៃផ្សៃជាទីបំផុត ការបង្ហោះខ្លឹមសារ និងវីដេអូនេះ ធ្វើឡើងក្នុងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ពោលគឺក្នុងថ្ងៃកើតហេតុ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា ក្រុមជនល្មើសមានគ្នាប្រមាណ ៣០នាក់។ លោកបានបន្ដថា អ្នកទាំងអស់នោះដៃកាន់កាំបិត និងដំបង រារាំងមន្ត្រីឧទ្យានុរក្ស និងកម្លាំងដទៃទៀតមិនឱ្យសួរនាំនោះទេ។
លោក សូ សាហុង បានបន្តទៀតថា ក្រោយទទួលបានព័ត៌មាននេះភ្លាម អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបញ្ជាកងកម្លាំងគណៈបញ្ជាការឯកភាពស្រុកភ្នំក្រវាញ ឱ្យចុះអន្តរាគមន៍ជាបន្ទាន់។ ក្រោយមក ក្រុមជនល្មើសក៏ប្រមូលគ្នាប្រមាណ ៦០នាក់ ដើម្បីមកតវ៉ានៅស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តែនៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ពួកគេក៏បំបែកគ្នាទៅវិញបាត់។
លោកថា ក្នុងចំណោមជនល្មើសទាំងអស់នោះ កម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាមេខ្លោងសកម្មៗបានចំនួន ៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ នួន នី អាយុ៥៨ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង
*ទី២៖ ឈ្មោះ សៀម ហឿម អាយុ៥៧ឆ្នាំ រស់នៅភូមិកំពែង ឃុំព្រងិល
*ទី៣៖ ឈ្មោះ មុត គា អាយុ៤៣ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
*ទី៤៖ ឈ្មោះ ណាំង ណាង អាយុ៥៦ឆ្នាំ រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
លោកអភិបាលស្រុកបានបន្ថែមថា ក្រុមជនល្មើសទាំងអស់មិនមែនមានតែ ៤នាក់នេះនោះទេ គឺប្រាកដជាមានមេខ្លោងដែលរៀបចំផែនការយ៉ាងត្រឹមត្រូវនៅពីក្រោយខ្នង ហើយបើតាមព័ត៌មាន នៃការស៊ើបអង្កេត និងស្រាវជ្រាវច្បាស់លាស់ ក្រុមជនល្មើសទាំងអស់មានមកពីខេត្តព្រះសីហនុ ១គ្រួសារ ខេត្តកំពង់ចាម ១គ្រួសារ ខេត្តបាត់ដំបង ៣គ្រួសារ ខេត្តកំពង់ស្ពឺ ២គ្រួសារ ខេត្តតាកែវ ១ គ្រួសារ និងមានមកពីស្រុកវាលវែង ស្រុកតាលោសែនជ័យ ស្រុកក្រគរ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។
ចំពោះបញ្ហាខ្លឹមសារ និងវីដេអូដែលបង្ហោះនៅលើ Facebook (ថតដោយប្រជាពលរដ្ឋ) នោះ ត្រូវបានលោកអភិបាលស្រុក សូ សាហុង អះអាងថា ផ្ទុយពីការពិត។ ជាមួយគ្នានោះ ក៏មានលិខិតបំភ្លឺពីសំណាក់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ផងដែរ ពាក់ព័ន្ធនឹងហេតុការណ៍ជាក់ស្ដែង និងបំភ្លឺទៅលើខ្លឹមសារ-វីដេអូនៅលើ Facebook គឺបានអះអាងថាផ្ទុយពីការពិតដូចគ្នា។
សូមជម្រាបថា កន្លែងកើតហេតុត្រង់ចំណុចខ្នងភ្នំរៀលខាងលើ ជាតំបន់អភិរក្សធនធានធម្មជាតិជួរភ្នំក្រវាញកណ្តាល ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន៕