(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហង្ស បូណា ជាឧត្តមទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានប្រគល់ទេយ្យទានជាច្រើនជូនដល់ វត្តឧណ្ណាលោម ដើម្បីធ្វើការចែកទានបន្តជូនដល់ប្រជាពលរដ្ឋក្រីក្រ នារសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ឯក ហង្ស បូណា ក្នុងឱកាសដែលត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ។ ឧត្តមសេនីយ៍ឯក ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសង្ឃរាជ គឺដោយសារ លោកនិងក្រុមគ្រួសារជាបុគ្គល ដែលបានបំពេញការងារជាច្រើន គាំទ្រដល់វិស័យព្រះពុទ្ធសាសនា និងបានចូលរួមជួយគាំទ្រ ដល់ព្រះរាជសកម្មភាពរបស់សម្ដេចព្រះសង្ឃរាជ ជាសម្ភារៈ និងថវិការដោយសុទ្ធចិត្តនាពេលកន្លង។
ទេយ្យទានដែលប្រគល់ជូននាពេលនេះ រួមមាន អង្ករចំនួន ៥តោន ត្រីខចំនួន ១០កេសធំ និងមីចំនួន ១០កេសធំ រួមទាំងថវិការចំនួន ៤០លានរៀល ផងដែរ។
សម្រាប់ការប្រគល់ជូនទេយ្យទាន ជូនវត្តឧណ្ណាលោមនាពេលនេះ គឺលោក រៀបចំឡើងដើម្បីវត្ត អាចប្រើប្រាស់ទេយ្យទានទាំងអស់ ទៅតាមតម្រូវការជាពិសេសគឺផ្តោតលើការចែកទានបន្តជូនប្រជាពលរដ្ឋក្រីក្រជួបការខ្វះខាត។
ជាទូទៅ ឭវត្តឧណ្ណាលោម តែងរៀចំកម្មវិធីផ្ដល់ទានជាប្រចាំរាល់ឱកាសពិធីបុណ្យធំប្រចាំឆ្នាំ និងពេលវេលាជាក់លាក់ណាមួយដែលប្រជាពលរដ្ឋកំពុងជួបការខ្វះខាត។
ក្រៅពីការផ្ដល់ជូនទេយ្យទានទាំងនេះ លោក ក៏បានចែកទានជូនដល់ចាស់ៗក៏ដូចជាសិស្ស និស្សិតដែលស្នាក់នៅវត្តនូវទឹកប្រាក់មួយចំនួនផងដែរ៕