(កែប)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ដែលទើបត្រូវបានតែងតាំងថ្មី។
លោក សោម ពិសិដ្ឋ អតីតអភិបាលរងខេត្ត ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា ដែលត្រូវតែងតាំងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕