(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះថា លោកអភិបាលស្រុកពាមរក៌ ជុំ សាមឿន ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារហើយ នៅល្ងាចថ្ងៃទី១៥ ខែមករាម្សិលមិញនេះ ក្រោយបើករថយន្តបុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
សូមបញ្ជាក់ថា អភិបាលស្រុករូបនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ នាំយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ក្រោយបើករថយន្តបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។
បើតាមលោកស្នងការខេត្តព្រៃវែង មុនពេលកើតហេតុ លោក ជុំ សាមឿន បានបើករថយន្តម៉ាក Lexus RX-300 ពាក់ស្លាកលេខ 2Q-5098 ពីត្បូងទៅជើង ពេលនោះជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប បើកម៉ូតូមកពីមុខក៏បុកពេញមួយទំហឹង បណ្តាលឲ្យដួលស្លាប់ ភ្លាមៗតែម្តង ។
រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុករង់ចាំការដោះស្រាយ ខណៈសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សម្រាប់ករណីនេះ ក្រោយកើតហេតុភ្លាមគេឃើញ អភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានចុះទៅជួយអន្តរាគមន៍ និងបញ្ជាឲ្យចាប់ខ្លួនអភិបាលស្រុក យកទៅចាត់ការតាមផ្លូវច្បាប់ ហើយជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារសពទៀតផង៕