(ស៊ីរី)៖ ក្រុមឧទ្ទាម ISIS បានបង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា Alrawi ដែលប្រើប្រាស់នៅលើប្រព័ន្ធដំណើរការ Android OS ដោយកម្មវិធីនេះ បង្កើតឡើងក្នុងគោលដៅ សម្រាប់ទំនាក់ទំនងគ្នា ហើយវាមិនមែនប្រើ តែក្រុម ISIS ប៉ុណ្ណោះទេ វាត្រូវបានក្រុមភេរវករផ្សេងៗប្រើផងដែរ នេះបើយោងតាមការបញ្ជាក់ពីក្រុម Hacker អនាមិក GhostSec បានថ្លែងប្រាប់សារព័ត៌មាន Newsweek នៅថ្ងៃសុក្រ ទី១៥ ខែមករា។
តំណាងក្រុម GhostSec បានបញ្ជាក់ថា ក្រុម ISIS បានដាក់ឲ្យប្រើប្រាស់កម្មវិធី Alrawi ប្រហែលជាជាង ១ខែមុន ហើយអ្វីដែលជាចំណុចពិសេស នៅក្នុងកម្មវិធីនោះ គឺវាអាចធ្វើការបំប្លែងសារ (Encrypted) ដែលមិនអាចឲ្យជនសាមញ្ញមើលដឹងនោះទេ។
ក្រៅពីកម្មវិធី Alrawi ក្រុម ISIS ក៏បានបង្កើតកម្មវិធីមួយទៀតផងដែរថា ដែលមានឈ្មោះថា Amaq Agency ដែលទុកសម្រាប់ធ្វើការកៀរគរ និងផ្ដល់ព័ត៌មានដល់សមាជិកក្រុមភេរវករ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ ក្រុម ISIS បានប្រើប្រាស់កម្មវិធី និងបណ្ដាញសង្គមដូចជា Twitter, Telegram, Instagram ជាដើម សម្រាប់ទាក់ទងគ្នា៕