Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ សម្តេចតេជោបញ្ចេញសារ និងរូបភាពដ៏ចាប់អារម្មណ៍ ស្តីពីការបង្ហាត់បង្ហាញចៅៗ ឲ្យចេះគោរពចាស់ទុំ

16-01-2016 08:44

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook Page សម្តេចបានបញ្ចេញនូវសារដ៏ខ្លីមួយ អមដោយរូបភាពច្រើនសន្លឹក គួរឲ្យចាប់អារម្មណ៍ អំពីសកម្មភាពដើរកម្សាន្តរបស់សម្តេចជាមួយចៅៗ និងការបង្ហាត់បង្ហាញដល់ចៅៗរបស់សម្តេច ឲ្យចេះគោរពចាស់ទុំទូទៅ ប្រកបដោយគុណធម៌ សីលធម៌ថ្លៃថ្នូរ និងចិត្តសណ្តោសដល់ពលរដ្ឋផងដែរ។

ខាងក្រោមនេះ ជាអត្ថបទទាំងស្រុងរបស់សម្តេចតេជោ សរសេរបង្ហោះក្នុង Facebook Page នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៖   

ជនរួមជាតិជាទីស្រឡាញ់!

ខ្ញុំគិតថា គោលបំណងដែលយើងម្នាក់ៗ ចង់បានក្នុងជីវិត គឺសុភមង្គលក្នុងក្រុមគ្រួសារ។ ការចាប់ផ្តើមអប់រំកុមារនៅវ័យតូចៗ ដូចជាចៅៗរបស់ខ្ញុំទាំងអស់នេះ គឺពិតជាជួយដល់ជីវិតរស់នៅ របស់ពួកគេទៅថ្ងៃអនាគត។

ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ បានចំណាយពេលនៅក្បែរចៅៗ ជាទីស្រឡាញ់គ្រប់គ្នា។ ទោះបីពេលខ្លះយើងមានអារម្មណ៍ខុសគ្នារវាងជីតា និងចៅក៏ពិតមែន តែពេលវេលាដែលយើងបានចំណាយជាមួយគ្នា គឺកាន់តែបង្កើនបាននូវភាពយល់ចិត្ត និងក្តីស្រឡាញ់ទ្វេឡើង។ ខ្ញុំបានបង្ហាញអស់ពីបេះដូងនូវទឹកចិត្ត អាណិតស្រឡាញ់ចៅៗ ដោយបានពរចៅ និងដឹកដៃចៅកំសាន្តតាមមាត់សមុទ្រ ព្រមទាំងមានឱកាសបង្ហាត់បង្ហាញអោយចៅៗបានជួប និងចេះគោរពចាស់ទុំទូទៅប្រកបដោយគុណធម៌ សីលធម៌ថ្លៃថ្នូរ និងទឹកចិត្តសណ្តោស ដល់ពលរដ្ឋទន់ខ្សោយ។

សូមជូនពរបងប្អូនជនរួមជាតិ និងក្រុមគ្រួសារទាំងអស់បានជួបតែសេចក្តីសុខ និងសុភមង្គមក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕