(ភ្នំពេញ)៖ លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក (WHO) បានផ្ញើលិខិតមួយជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន។
តាមរយៈលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ប្រធានអង្គការសុខភាពពិភពលោក បានសរសេរថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក»។
«ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញ ការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ» នេះបើតាមលិខិតរបស់ប្រធាន WHO។
បើតាមលោក Tedros Adhanom, អង្គការសុខភាពពិភពលោក នៅក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូធំៗនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយសារជំងឺកូវីដ១៩ រួមមួយនេះ ដែលយើងត្រូវរួមដៃគ្នា ក្នុងការប្រឆាំងនឹងការរីកសាយភាយនាពេលអនាគត។ ការចូលរួម និងសាមគ្គីភាពទាំងអស់គ្នា យើងនឹងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានបង្ហាញនូវសមានចិត្ត ក្នុងការគាំទ្រ និងការប្តេជ្ញាចិត្តតាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកាត់បន្ថយទំហំនៃផលប៉ះពាល់ និងការបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ១៩៕
ខាងក្រោមនេះជាលិខិតរបស់ប្រធានអង្គការសុខភាពពិភពលោកផ្ញើទៅកាន់ សម្ដេចតេជោ ហ៊ុន សែន៖