(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និង និស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅ/ស្នាក់នៅ/សិក្សា នៅសហរដ្ឋអាមេរិក អំពីពីការកែ សម្រួលវិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងជនជាតិខ្មែរ ដែលធ្វើដំណើរចូលទៅប្រទេសកម្ពុជាវិញ។
សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានពន្យល់អំពីលក្ខខណ្ឌតម្រូវសម្រាប់ការធ្វើដំណើរចូលប្រទេសកម្ពុជាដូចជា៖
១៖ លើកលែងវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរ កាន់លិខិតឆ្លងដែននៃកម្ពុជា ដែលធ្វើដំណើរចូលទៅកម្ពុជា។
២៖ រាល់វិធានការផ្សេងទៀត ដែលមានចែងក្នុងសេចក្ដីប្រកាសលេខ ១០១ សខល ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវស្ថិតនៅជាធរមានដដែល ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
* អ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ី បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានការផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ)។
* អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលទៅដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពី មន្ទីរពិសោធន៍ប៉ាស្ទ័រ។
* ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួម ជាមួយផ្សេងទៀតទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅទីតាំងដែល កំណត់ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩។
* ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា កូវីដ១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្ត បញ្ជាក់ម្ដងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕