(សៀមរាប)៖ ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួន ក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។

ជាក់ស្តែងគិតចាប់ពីថ្ងៃទី២០-២៦ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងជួយលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋបានចំនួន១២០គ្រួសារដូចខាងក្រោម៖
១. ក្រុងសៀមរាប បានចំនួន៣៣គ្រួសារ
២. ស្រុកប្រាសាទបាគង បានចំនួន៥១គ្រួសារ
៣. ស្រុកបន្ទាយស្រី បានចំនួន២៥គ្រួសារ
៤. ស្រុកពួក បានចំនួន១១គ្រួសារ។

ក្រោយបានការអនុញ្ញាត មន្ត្រី-បុគ្គលិកជំនាញរបស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ក៏បានចុះទៅដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីពិនិត្យតាមដាននិងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់ គឺធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះអនុលោមតាមលិខិតអនុញ្ញាត និងគោលការណ៍គ្រប់គ្រងសំណង់លំនៅដ្ឋានក្នុងឧទ្យានអង្គរ ដែលជាសំណង់ស្រាល សង់ខ្ពស់ផុតពីដី ហើយក៏ជាសំណង់បែបប្រពៃណីតពីដូនតាខ្មែរមកដែរ ។

កិច្ចការទាំងនេះ បានធ្វើឱ្យចំនួនសំណង់ដែលមិនមែនជាផ្ទះខ្មែរនិងខុសពីគោលការណ៍បេតិកភណ្ឌនាំឱ្យប៉ះពាល់ដល់តម្លៃឧទ្យានអង្គរ ត្រូវបានថយចុះ ហើយសំណង់បែបប្រពៃណីត្រូវបានលេចរូបរាងឡើងក្នុងឧទ្យានអង្គរជាបន្ត៕