(តាកែវ)៖ សំណង់អនាធិបតេយ្យ និងគ្មានច្បាប់មួយកន្លែង ដែលសង់លើដីបឹងរបស់រដ្ឋ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលជារបស់មន្រ្តីកងរាជអាវុធខេត្តតាកែវម្នាក់លោក ដួង សុខឿន កំពុងតែសាងសង់យ៉ាងរលូន បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋនៅក្បែរនោះ និងត្រូវបានអាជ្ញាធក្រុងចុះទៅហាមឃាត់ ២-៣ដង យ៉ាងណាក៏ដោយ ក៏នៅតែមិនស្ដាប់តាមការណែនាំនោះទេ។
ប្រជាពលរដ្ឋក្បែរខាងដែលស្នើសុំមិនបញ្ចេញឈ្មោះ បានថ្លែងឲ្យដឹងថា កន្លងសំណង់ខុសច្បាប់ដែលសង់លើដីរបស់រដ្ឋនេះត្រូវបានអាជ្ញាធរក្រុងដូនកែវ ចុះមកពិនិត្យ និងហាមមិនឲ្យមានការសាងសង់ សំណង់នេះ ២-៣ដងរួចមកហើយដែរ តែមិនដឹងថា មានរឿងអីទេ បានជានៅតែធ្វើបានយ៉ាងរលូនដដែលបែបនេះ?
ដោយឡែកចំពោះពួកគាត់ដែលគ្មានអំណាចវិញ ក៏ធ្លាប់សុំច្បាប់អាជ្ញាធរសាងសង់ដែរតែអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើនោះទេ ហើយពួកគាត់ក៏មិនហ៊ានធ្វើដែរ ដោយគិតថា វាខុសច្បាប់ព្រោះដីនេះជាដីរបស់រដ្ឋ។
ប្រជាពលរដ្ឋខាងលើ បានស្នើសុំឲ្យលោកអភិបាលខេត្តតាកែវ អ៊ូច ភា និងលោក ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ជួយអប់រំណែនាំមន្រ្តីក្រោមឱវាទខាងលើផង ព្រោះបើសំណង់ខុសច្បាប់សង់លើដីរបស់រដ្ឋបាន តែប្រជាពលរដ្ឋមិនអាចសង់បានដូចគ្នា។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជការកងរាជអាវុធហត្ថកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងថា ប្រសិនបើមានលិខិតពីក្រុង ឬខេត្តថា មន្រ្តីរបស់លោករំលោភដីរបស់រដ្ឋប្រាកដមែន លោកនឹងមានចំណាត់ការជាក់ជាពុំខាន។
លោកថ្លែងថា «ខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់មិនថា ស័ក្តិប៉ុន្មានទេ ឲ្យតែមន្រ្តីអាវុធហត្ថស្ថិតក្រោមឱវាទ»។
លោក ប៉ាន់ ភារៈ អភិបាលរងក្រុងដូនកែវ ទទួលបន្ទុកសូរិយោដីបានទទួលស្គាល់ថា សំណង់របស់មន្រ្តីអាវុធហត្ថខាងលើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។
លោកថ្លែងថា «សំណង់ដែលសង់លើដីបឹងរបស់រដ្ឋអាជ្ញាធរ បានទៅហាមឃាត់ពីរបីដងហើយតែគេមិនស្ដាប់ ដូច្នោះយើងនឹងជជែកជាមួយអភិបាលក្រុង ដើម្បីមានចំណាត់ការបន្តទៀត»។
គួរបញ្ជាក់ថា មន្រ្តីកងរាជអាវុធហត្ថខេត្កតាកែវលោក ដួង សុខឿន កន្លងមក ក៏ត្រូវបានបណ្ដាញផ្សព្វផ្សាយមួយចំនួនបានផ្សាយថា បានសាងសង់ភោជនីយដ្ឋានរំលោភយកដីបឹងតាកែវផងដែរ ដោយអាងអំណាចទឹកលុយ និងអាងខ្លួនជាមន្រ្តីអាវុធហត្ថខេត្ត ដែលមិនមានអ្នកណាហ៊ានប៉ះពាល់ខ្លួន។ យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបកស្រាយពីមន្រ្តីអាវុធហត្ថរូបនេះ នៅឡើយទេ៕