(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដោយបានចូលរួមប្រកួតប្រជែងជាមួយគំរោងប្រមាណជិត ២០០០ដែលស្នើរឡើងដោយប្រទេសចំនួន៧៩ មានគំរោងមួយស្តីអំពី បញ្ហាប្រឈមនៃ សង្គមរបស់ប្រទេសកម្ពុជាត្រូវបានជ្រើសរើស ដើម្បីទទួលបាននូវជំនួយហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសំរាប់ការប្រយុទ្ធប្រឆាំង COVID-19។
គំរោងនេះដឹកនាំដោយក្រុមសាស្ត្រាចារ្យ និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេង នៃសាកលវិទ្យាល័យបាត់ដំបង (កម្ពុជា) ដោយមានអង្គការអន្តរជាតិមួយជាដៃគូរ។ គំរោងនេះធ្វើការសិក្សាស្វែងយល់អំពី ស្ថានភាពបច្ចុប្បន្នរបស់កសិករខ្នាតតូចតាមបណ្តាខេត្តនានានៅតាមបណ្តោយព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងកំណត់អត្ថសញ្ញាណរកដំណោះស្រាយ និងមធ្យោបាយក្នុង និងក្រោយពេលមានការរាតត្បាតនៃមេរោគកូវីត។
ទិន្ន័យដែលប្រមូលបានទាំងអស់អាចឲ្យអាជ្ញាធរមានទស្សនៈវិស័យច្បាស់លាស់លើបរិបទតាមមូលដ្ឋាន ដើម្បីចាត់វិធានការណ៏អោយបានសមស្រប។ គំរោងនៃសាកលវិទ្យាល័យបាត់ដំបង ត្រូវបានលើកទឹកចិត្តក្នុងក្របខ័ណ្ឌ នៃការឆ្លើយតបនឹងការផ្តល់ជូនជាលក្ខណៈអន្តរជាតិ ដែលបានផ្សព្វផ្សាយដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដើម្បីគាំទ្រគំនិត ផ្តួចផ្តើមរបស់និស្សិត សិស្សវិស្វករ និងអ្នកស្រាវជ្រាវវ័យក្មេងទាំងឡាយដែលពាក់ព័ន្ធនឹងការរាតត្បាតនៃកូវីត១៩។
គោលបំណង នៃការផ្តល់ជូននេះគឺជួយជ្រោមជ្រែងការឆ្លើយតបដល់សហគមន៍សាកលវិទ្យាល័យចំពោះការរាត្បាត និងគំាទ្រការអភិវឌ្ឍន៍រកដំណោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស និង/ឬ សង្គមជាបន្ទាន់ ដើម្បីជួយប្រព័ន្ធសុខាភិបាល និងប្រជាជន ប្រឈមនឹងវិបត្តិសុខភាពដែលមិនធ្លាប់មាន។
ការផ្តួចផ្តើមទាំងឡាយដែលត្រូវបានជ្រើសរើសត្រូវតែផ្សារភ្ជាប់បញ្ហាប្រឈមផ្នែកបច្ចេកទេស សេដ្ឋកិច្ច និង/ឬ សង្គមដែលអាចវាយតម្លៃបានក្នុងរយៈពេលយ៉ាងខ្លី។ ឧទាហរណ៍ គំរោងទាំងឡាយដែលផ្តល់ដំណោះស្រាយ គំរូភាព ដែលមានលក្ខណៈសមស្របតាមបញ្ញាតិជាតិនិងគំរោងដែលដឹកនាំដោយស្ត្រី ត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម។
លោកស្រី Ouidad Tebbaa, នាយិការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ AUF បានអះអាងថា៖ «ការផ្តល់ជូនគំរោង Covid-19 របស់ AUF នេះ បានរំលេចឡើងនូវសមត្ថភាពទាំងអស់ នៃសាកលវិទ្យាល័យជាសមាជិករបស់យើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការផ្តួចផ្តើមនិងឆ្លើយតបចំពោះតម្រូវការជាចាំបាច់នៃសង្គមក្នុងអំឡុងពេលរាត្បាត។ យើងមានតែកោតសរសើរ និងលើកទឹកចិត្តអ្នកស្រាវជ្រាវតាមមធ្យោបាយនេះ ដោយយល់ថាការផ្តល់ជូនរបស់ AUF បានរំលេចនូវតួនាទីយ៉ាងសំខាន់នៃសាកលវិទ្យាល័យទាំងឡាយក្នុងការអភិវឌ្ឍន៍សង្គម និងក្នុងការឆ្លើយតបនឹងការលំបាកចម្បងៗទាំងឡាយរបស់ខ្លួនផងដែរ »។
លោកបណ្ទិត សេង រដ្ខា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឈសហគមន៍តំណាងសាកលវិទ្យាល័យបាត់ដំបងបានឲ្យដឹងថា៖ «គម្រោងនេះ នឹងផ្តោតសំខាន់គ្រូសារកសិករខ្នាតតូច នៅតាមបណ្តោយព្រំដែនភាគពាយ័ព្យកម្ពុជា ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយលើកកម្ពស់សេដ្ខកិច្ចគ្រួសារគាត់ក្រោយពេលមានការរាតត្បាតនៃមេរោគកូវីត។ យើងចង់លើកទឹកចិត្តឲ្យមានការស្រាវជ្រាវជាលក្ខណ:វិទ្សាសាស្រ្ត ដើម្បីជួយរៀបចំផែនការឆ្លើយតបទៅនឹងវិបត្តិនេះ ។ គម្រោងនេះបង្ហាញពីការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់សាកលវិទ្យាល័យ បាត់ដំបង និងសហគមន៍ដែលងាយរងគ្រោះដែលពឹងពាក់ភាគច្រើនលើការប្រកបរបរកសិកម្ម និងចំណាកស្រុក និងសង្ឃឹមថា នឹងប្រើប្រាស់គម្រូនៃការស្រាវជ្រាវនេះ នៅតំបន់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជាយើង»។
ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) គឺជាបណ្តាញសាកលវិទ្យាល័យទី១ ក្នុងពិភពលោកដែលមានសាកលវិទ្យាល័យចំនួន៩៩០គ្រឹះស្ថាន ជាសមាជិកមានវត្តមាននៅក្នុងប្រទេសចំនួន១១៨ និងមានទីស្នាក់ការចំនួន៥៩នៅលើទ្វីបទាំង៥។
ជាប្រតិបត្តិករជំនាញផ្នែកស្រាវជ្រាវ និងចំណេះដឹងនៃអង្គការអន្តរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលបង្កើតឡើងជិត៦០ឆ្នាំមកហើយ AUF ធ្វើអន្តរាគមន៍លើគ្រប់វិស័យដូចជា ការបណ្តុះបណ្តាល ការស្រាវជ្រាវ ប្រព័ន្ធឌីជីថល អភិបាលកិច្ចសាកលវិទ្យាល័យ សហគ្រិនភាព និងភាពទទួលបានការងារនៃនិស្សិត និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព៕