(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយទៀត ដើម្បីកែសម្រួលវិធានការត្រួតពិនិត្យសុខភាពសម្រាប់អ្នកដំណើរទាំងអស់ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ចូលមកប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។
តាមសេចក្តីប្រកាសនេះ គឺជនទាំងឡាយដែលកាន់លិខិតឆ្លងដែនកម្ពុជា នឹងមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ញាក់សុខភាព (Health Cartificate) បញ្ជាក់ថាគ្មានមេរោគកូវីដ ១៩ ទៀតឡើយ។ ប៉ុន្តែសម្រាប់ជនបរទេសដែលកាន់លិខិតឆ្លងដែនបរទេស នឹងនៅតែរក្សាដដែល។
សេចក្តីប្រកាសកែសម្រួលនេះ បានធ្វើឡើងបន្ទាប់ពីមាន សេចក្ដីសម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២០ និងលិខិតលេខ ៣៧៨ កបទ.អ.ក របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
ចំពោះករណីនេះ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការកែសម្រួលដូចតទៅ៖
១៖ លើកលែងវិញ្ញាបនបត្របញ្ញាក់សុខភាព (Health Cartificate) បញ្ជាក់ថាគ្មានមេរោគកូវីដ ១៩ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើដំណើរចូលមក ព្រះរាជាណាចក្រកម្ពុជា។
២៖ រាល់វិធានការផ្សេងទៀតដែលមានចែងក្នុងសេចក្ដីប្រកាសលេខ១០១សខល ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវស្ថិតនៅជាធរមានដដែល ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
- អ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ីបញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាម៉េរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ)។
- អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
- ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀត ទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៨ថ្ងៃ នៅទីតាំងដែលកំណត់ ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ១៩។
ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា ជំងឺកូវីដ១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ ម្ដងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩៖