(បាត់ដំបង)៖ ពីខេត្តបាត់ដំបងក្នុងឱកាសដឹកនាំគណៈប្រតិភូ ចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកផ្លូវជាតិលេខ៥ ដើម្បីធានាឱ្យដំណើរការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា បន្ទាប់ពីបានធ្វើតេស្តគុណសាងសង់ផ្លូវជាតិលេខ៥នេះរួចរាល់ ឃើញថា បានត្រឹមត្រូវតាមស្ទង់ដារគុណភាព ហើយផ្លូវនេះនឹងអាចប្រើបានពី១០ ទៅ១២ឆ្នាំ ដោយគ្មានការខូចខាត បើមិនមានរថយន្តដឹកទំនិញលើសទម្ងន់។
លោករដ្ឋមន្រ្តីបានចុះពិនិត្យនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងគោលបំណងពិនិត្យគុណភាព នៃការសាងសង់ថា តើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា? ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ។ ការចុះត្រួតពិនិត្យនេះដោយមានការ ចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា «ផ្លូវជាតិលេខ៥នេះ ប្រសិនបើមិនមានរថយន្តដឹកលើកទម្ងន់កំណត់នៃច្បាប់នោះ ផ្លូវនេះនឹងអាចប្រើប្រាស់បានមិនតិចជាង ១០ឆ្នាំនោះឡើយ ហើយដើម្បីចូលរួមទប់ស្កាត់រថយន្តដឹកលើសទំងន់នៃច្បាប់នោះ ផ្លូវជាតិលេខ៥នេះនឹងមានដាក់កន្លែងជញ្ជីងថ្លឹងរថយន្តចំនួន ៦កន្លែងផងដែរ»។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ផ្លូវនេះនឹងជួយឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានឆាប់រហ័ស ចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះដែរ ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិមានការរីកចម្រើន យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អ ដែលអាចទាក់ទាញអ្នកវិនិយោគបង្កើតការងារ ឲ្យប្រជាពលរដ្ឋធ្វើ បង្កើនប្រាក់ចំណូលគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន»។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារ ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។
វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤.៧៤គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ១៤៣.០៤លានដុល្លារ ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ការស្ថាបនាមានរយៈពេល៣៦ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៧០.០៥%ហើយ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ភាគកណ្តាល មានប្រវែងសរុប ១៤៦.០៤គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់បាត់ដំបង ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុបចំនួន ១៦១.៩០លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេលប្រមាណ៤២ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ១៥.៦៥%ហើយ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង មានប្រវែងសរុប ១៣៥.២៥គីឡូម៉ែត្រ ចាប់ពីព្រែកក្តាមដល់ធ្លាម្អម (កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់) ពី២គន្លងទៅ៤គន្លង ក្រាលកៅ ស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុបចំនួន ២៤៦.៣៥លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេលប្រមាណ៤៨ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ២៦.២៦%ហើយ៕