(កំពង់ឆ្នាំង)៖ ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា តបតាមការអំពាវនាវរបស់សមាគមអតីត យុទ្ធជនខេត្ត បច្ចុប្បន្ននេះ សប្បុរសជនពីគ្រប់ទិសទី បានចូលរួមឧបត្ថម្ភនូវសម្ភារ និងថវិកាផ្សេងៗ ដើម្បីទ្រទ្រង់នូវការខ្វះខាតមួយចំនួន របស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលបានចំណាកស្រុក។

ឧត្តមសេនីយ៍ទោ ធន ធឿន បានបញ្ជាក់ទៀតថា ស្របតាមការណែនាំ របស់ថ្នាក់ជាតិ និងគឺជាខួបលើកទី១៣ ឆ្នាំ២០២០ ដែលតែងតែធ្លាប់ធ្វើជារៀងរាល់ឆ្នាំ សម្រាប់ថ្ងៃ២១ មិថុនាផងដែរនោះ បានធ្វើការឧបត្ថម្ភ ជូនប្រជាពលរដ្ឋ១៦០គ្រួសារ នៅតាមបណ្ដាស្រុកក្រុងទាំង៨ នៅក្នុងខេត្ត សរុបជាថវិកា២២លានរៀល។

ជាក់ស្ដែង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជារការតំបន់ប្រតិបត្តិការសឹករងខេត្ត មានរៀបពិធីប្រគល់សម្ភារ និងថវិការបស់សមាគមអតីតយុទ្ធជន ជូនដល់ប្រធានអនុប្រធានជាសមាគម នៅតាមបណ្ដាស្រុក និងអង្គភាពផ្សេងៗ ដើម្បីផ្ដល់ជូនទៅដល់ប្រជាពលរដ្ឋ និងយុទ្ធជន នៅតាមមូលដ្ឋាន។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាតំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីបណ្ដា កងកម្លាំងទាំង៣ប្រភេទ និងស្ថាប័នមន្ទីរនានាជុំវិញខេត្តផងដែរ។

លោក ធន ធឿន បានបញ្ជាក់ថា អំណោយទាំងអស់នេះ ត្រូវផ្ដល់ជូនតាមរយៈតំណាង ដោយដឹកជញ្ជូនទៅកាន់ស្រុក និងក្រុងទាំង៨ មានចំនួន១៦០គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ១បេ ស្មើនឹង២០គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ១យួរ ម៉ាស់៥ ជែលលាងដៃ១ដប ប្រាក់៣ម៉ឺនរៀល។

លោកបញ្ជាក់ថា ទាំងនេះ ជាចលនាចូលរួមក្នុងសង្គម ដើម្បីរួមចំណែកក្នុងគ្រាលំបាក ផ្សារភ្ជាប់ និងលើកទឹកចិត្ត របស់រដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ និងយុទ្ធជន ពង្រឹងស្មារតីប្រជាពលរដ្ឋក្នុងសង្គមជាតិ ពង្រឹងសាមគ្គីរួមគ្នា ដោះស្រាយចែករំលែក ដើម្បីប្រជាជាតិនិងប្រជារាស្រ្តរបស់យើង ពង្រឹងបំបាត់ និងទប់ស្កាត់ នូវឧបាយកលបំផ្លាញជាតិខ្មែរ ពង្រឹងឆន្ទៈមហាជនជាមួយ នឹងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ៕