(ព្រៃវែង)៖ នារសៀលទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលរវាងរដ្ឋបាលខេត្តព្រៃវែង និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកម្មវិធីធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្រោមអធិបតីភាពលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងមានការចូលរួមពីលោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល និងលោក គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរជុំវិញខេត្ត ប្រជាកសិករ ដែលប្រកបរបរចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មជាច្រើននាក់។
លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងអនុវត្តតួនាទីជាអន្តរការីទទួលនូវកិច្ចការគ្រប់គ្រង និង អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាប គំាទ្រដល់បងប្អូនប្រជាកសិកររបរចញ្ចឹមត្រី មាន់ ទា ដាំបន្លែ និង សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យបងប្អូនមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
ទន្ទឹមនេះជាគោលការណ៍ ដើម្បីទទួលបានឥណទាន ពីចំនួន ១០,០០០ដុល្លារអាមេរិក រហូតដល់ ៣០០,០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប ចំនួន៥ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លីចំនួន២ឆ្នាំ) និងសម្រាប់ទុនវិនិយោគ (រយៈពេលវែងចំនួន៧ឆ្នាំ) ក្នុងអត្រាការប្រាក់ចំនួន ៥.៥ភាគរយក្នុងមួយឆ្នាំ ពីកម្មវិធីហិរញ្ញប្បទានពិសេសនេះ។
ជាមួយគ្នានេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលលក្ខខណ្ឌឥណទានដូចជា៖
* បន្ថយអត្រាការប្រាក់សម្រាប់កម្ចីទុនបង្វិល (Working Capital) ពី ៦% មក ៥% និង សម្រាប់ទុនវិនិយោគ ពី ៦.៥% មក៥.៥% ដោយមិនគិតកម្រៃសេវាផ្សេងៗ។
* កែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ឆ្នាំ ទៅ៧ឆ្នាំ សម្រាប់ទុនវិនិយោគ ខណៈរក្សាទុក រយៈពេលខ្ចី អតិបរមា២ឆ្នាំ សម្រាប់ទុនបង្វិល។
* បន្តមិនអនុញ្ញាតឱ្យអតិថិជន ដែលទទួលកម្ចីនៅក្នុងកម្មវិធីពិសេសនេះ យកកម្ចីទៅប្រើប្រាស់ធ្វើ បុនហិរញ្ញប្បទាន (Refinancing)។
* ផ្តល់ភាពទន់ភ្លន់លើលក្ខខណ្ឌចុះបញ្ជី ដែលក្នុងនោះ សហគ្រាសធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជីផ្លូវការ អាចដាក់ពាក្យស្នើសុំឥណទានបាន ដោយបំពេញលក្ខខណ្ឌចុះបញ្ជីតាម ក្រោយក្នុងរយៈពេល១ខែ បន្ទាប់ពីទទួលបានឥណទាន។
* កែសម្រួលលក្ខខណ្ឌតម្រូវឲ្យ «សហគ្រាសធុនតូច និងមធ្យម បង្កើតឱកាសការងារថ្មីចាប់ពី៥នាក់ឡើងទៅ» ទៅជា »លើកទឹកចិត្តឲ្យសហគ្រាសធុនតូច និង មធ្យម ដែលទទួលបានឥណទាន ខិតខំបង្កើតឱកាសការងារថ្មី»។
ជាមួយគ្នានេះពាក់ព័ន្ធនឹងទ្រព្យធានាឥណទានក្រោមកម្មវិធីពិសេសនេះ លោក កៅ ថាច បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់៨០ភាគរយនៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយក៖ ឧបករណ៍-គ្រឿងម៉ាស៊ីន, សន្និធិ, លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេង, វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដី និងអាគារ) ជាដើម។
លោក កៅ ថាច បានបន្ថែមថា លើការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិកនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក៏មានផលិតផលឥណទានផ្សេងទៀតដែលអត្រាការប្រាក់អនុគ្រោះដល់បងប្អូនប្រជាកសិករផងដែរ ហើយលោក ក៏បានលើកទឹកចិត្តដល់បងប្អូនកសិករ ក្នុងករណីប្រសិនបើបងប្អូនមិនអាចបំពេញបានតាមលក្ខខណ្ឌ តម្រូវរបស់កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បងប្អូនអាចធ្វើការពិចារណាធ្វើកម្ចីពីកញ្ចប់ឥណទានផ្សេងទៀតរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផងដែរ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈទូរស័ព្ទលេខ ០៧៧ ៧៥៩ ១៥៩/០៩៩ ៧១០ ៧៨៩/០៨១ ៥១៥ ១៥១៕