(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់អំណាយជាទឹកប្រាក់ចំនួនពីរលានរៀល (២,០០០,០០០៛) តាមរយៈ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រគល់ជូនទៅកាន់ឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាល ដើម្បីប្រគល់ជូន មន្ត្រីនគរបាលចរាចរណ៍ អនុសេនីយ៍ត្រី លោក ហ៊ីង សុផល ដែលត្រូវរឺម៉កម៉ូតូបើកកៀរពេលបំពេញភារកិច្ច នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។
លោក ហ៊ីង សុផល បានរងរបួសក្នុងពេលបំពេញភារកិច្ច រឹតបន្តឹងច្បាប់ចរាចរណ៍នៅផ្លូវជាតិលេខ១ ភូមិសាស្រ្ត ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះជាលើកទីបីហើយដែល នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រគល់អំណយជូនដល់មន្រ្តីចរាចរណ៍រូបនេះ សរុបទាំង ៣លើក មានចំនួនប្រាំលានរៀល (៥,០០០,០០០៛)។
អំណោយទាំង ៣លើកត្រូវបានប្រគល់ជូន លោកស្រី ម៉ក់ សារ៉ុម ត្រូវជាភរិយា របស់មន្ត្រីនគរបាលចរាចរណ៍។ លោកស្រី ម៉ក់ សារ៉ុម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះមន្ត្រីក្រោមឱវាទ ។
គួររំលឹកថា ជនសង្ស័យដែលបើករឺម៉ុកខ្វះការ ប្រុងប្រយ័ត្នបង្ករបួសស្នាមនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ រួចហើយ ។ បច្ចុប្បន្ននេះ លោកអនុសេនីយ៍ត្រី ហ៊ីង សុផល បានធូរស្បើយប្រហែល ៣០% ទៅ ៤០%ហើយ៕