(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ចេង ញ៉ាន់ អភិបាលរង ខេត្តកំពង់ឆ្នាំងលោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង នៅប៉ុន្មានថ្ងៃនេះ បានបើកយុទ្ធនាការចុះពង្រឹងកម្លាំងចំរុះទាំងអស់ ដែលកំពុងឈរជើងការពារតំបន់ឡូត៍អភិរក្សធនធានជលផលចំនួន៧កន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង គោលបំណងថែរក្សាឲ្យបានមច្ឆាជាតិ នៅក្នុងដែនអភិរក្សឲ្យមាននិរន្តរភាព និងលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទក្នុងតំបន់អភិរក្ស។
ការចុះពិនត្យ និងពង្រឹងកម្លាំង ក៏បានការដាក់សញ្ញាសំគាល់ដែនអភិរក្សផងដែរនៅចំណុចឡូត៍អភិរក្សលេខ៤ ស្ថិតក្នុងភូមិជ្រោយបបុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលជលផល និងកងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទផងដែរ។នៅក្នុងពេលចុះពិនិត្យ និងពង្រឹងកម្លាំងការពារនេះ លោកបណ្ឌិត ចេង ញ៉ាន់ បានផ្តាំផ្ញើថា យោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិវាមច្ឆាជាតិកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ នៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង គឺសម្តេចចង់ឲ្យអ្នកមានកាតព្វកិច្ចទាំងអស់ រាប់ទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ សមត្ថកិច្ចរដ្ឋបាលជលផល ប្រជាការពារ និងប្រជាពលរដ្ឋ ចូលរួមសហការ ទប់ស្កាត់បទល្មើសនេសាទទាំងឡាយដែលកើតមានក្នុងដែនអភិរក្ស និងរក្សាឲ្យបាននូវធនធានជលផលក្នុងតំបន់អភិរក្សគ្រប់កន្លែង ជាពិសេស គឺទប់ស្កាត់ការកាប់បំផ្លាញតំបន់ព្រៃលិចទឹកឲ្យបានគង់វង្ស។ លោកបណ្ឌិតបានបន្តថា ប្រសិនបើលោករកឃើញថា អ្នកដែលមានភារកិច្ចការពារដែនអភិរក្សបែរជាបង្កើតបទល្មើសក្នុងដែនអភិរក្សដែលខ្លួន ទទួលខុសត្រូវនោះ នឹងត្រូវទទួលទោសតាមច្បាប់ និងមិនអនុគ្រោះឲ្យបានឡើយ។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល បានថ្លែងថា ខេត្តកំពង់ឆ្នាំង មានដែននេសាទលាតសន្ធឹងចាប់ពីក្បាលកោះ លង្វែកស្រុកកំពង់ត្រឡាច រហូតដល់តំបន់ឆ្នុកទ្រូ ស្រុកបរិបូណ៌ មានបណ្តោយប្រវែង១១០គម។ ក្រៅពីនេះភូមិសាស្ត្រនៃព្រៃលិចទឹកមានមានទំហំជិត៩ម៉ឺនហិកតា ដែលជាដែនជំរកមច្ឆាជាតិដ៏សំខាន់។ ក្នុងនោះព្រៃលិចទឹកស្ថិតក្នុងតំបន់ការពារមានទំហំសរុបជាង៧ម៉ឺនហិកតា ដែលបច្ចុប្បន្នបានចែកជាតំបន់អភិរក្ស៧ឡូត៍ កន្លែងអភិរក្សជលផលរបស់សហគមន៍មាន៤១កន្លែង និងជម្រកត្រីសហគមន៍មាន២៣កន្លែង៕