(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃ ទទួលបានជំនួយឧបត្ថម្ភពីសហគមន៍ថៃនៅកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តបតាមការស្នើសុំរបស់គណៈកម្មាធិកាអន្តរជាតិ នៃកាកបាទក្រហមប្រចាំនៅកម្ពុជា (ICRC)។
ជំនួយទាំងនោះ គឺជាសម្ភារអនាម័យ និងវត្ថុប្រើប្រាស់ មានចំនួនប្រហែលជាង១៣០០គីឡូក្រាម ហើយពិធីប្រគល់ជំនួយត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធានបេសកកម្ម ICRC, លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងនាយឧត្តមសេនីយ៍ ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។
លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ បានថ្លែងថា សម្ភារអនាម័យ និងវត្ថុប្រើប្រាស់ទាំងនេះ មានភាពចម្បង និងចាំបាច់យ៉ាងខ្លាំង ដើម្បីពង្រឹងសុខមាលភាពក្នុងពន្ធនាគារ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពន្ធនាគារ។ ចាប់តាំងពីខែកុម្ភៈ មកដល់បច្ចុប្បន្ននេះ ICRC បានគាំទ្រយ៉ាសកម្មជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
លោកបន្តថា បើនិយាយអំពីការជួយគាំទ្រលើផ្នែកបច្ចេកទេសវិញ បានផ្ដល់ជាអនុសាសន៍ដល់គណៈគ្រប់គ្រង ការជួយបង្កើតសេចក្ដីណែនាំនានា វគ្គបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពនៃសុខមាលភាពក្នុងពន្ធនាគារ ផ្ដល់យោបល់លើការរៀបចំទុកដាក់សម្ភារអនាម័យ ដើម្បីបានជាផលប្រយោជន៍ការពារដល់ជនជាប់ឃុំឃាំង ៣៨,០០០នាក់ និងមន្រ្តីក្នុងពន្ធនាគារជាង ៤,០០០នាក់។
លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ បានបញ្ជាក់ថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតនៃព្រះរាជាណាចក្រថៃ ដែលជាស្ថាប័នដំបូង ដែលបានឆ្លើយតបនឹងការស្នើសុំការសហការ ដើម្បីចូលរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពន្ធនាគារ ដោយហេតុថាតម្រូវការនេះ គឺពិតជាតម្លៃណាស់សម្រាប់ជនដែលងាយរងគ្រោះ។ ប្រសិនបើក្រឡេកមើលទៅកន្លែងផ្សេងវិញ ការអនុវត្តគម្លាតសង្គម គឺងាយស្រួលនឹងអនុវត្ត ក៏ប៉ុន្តែវាមិនស្រួលនោះទេក្នុងការអនុវត្តគម្លាតសង្គមក្នុងពន្ធនាគារ។ ដូច្នេះហើយ ការផ្ដោតការយកចិត្តទុកដាក់លើបញ្ហាអនាម័យ គឺជាចំណុចដ៏ប្រពៃបំផុត»។
បន្ថែមលើនេះ លោកឯកអគ្គរាជទូត Panyarak Poolthup បានរំពឹងថា ជំនួយទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ទាំងមន្រ្តី ដែលធ្វើការនៅក្នុងអគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកជាប់ឃុំទាំងអស់ ព្រមទាំងសហគមន៍ទាំងមូល មានសុវត្ថិភាពពីការរីករាលដាល នៃជំងឺកូវីដ១៩។
លោកបញ្ជាក់ថា «ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សហគមន៍ថៃនៅកម្ពុជាមានដូចជា ដាហ៊ូកហេង ដែលជាអ្នកចែកចាយផលិតផល Parrot Soap នៅកម្ពុជា, ភីធីធីខេមបូឌា, ម៉ាក្រូខេមបូឌា និងក្រុមហ៊ុនស៉ីភីខេមបូឌា ដែលបានចូលរួមចំណែកផ្តល់ (សម្ភារទាំងនេះ)»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ចាន់ គីមសេង បានចាត់ទុកថា ជំនួយរបស់សហគមន៍ថៃនៅកម្ពុជា គឺជាជំនួយផ្នែកមនុស្សធម៌មួយ ដែលនឹងជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។ លោកបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ហើយសន្យាថា នឹងបែងចែកសម្ភារទាំងនេះ ទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕