(ភ្នំពេញ)៖ ដោយកន្លងមកនេះឃើញថា កំណាត់ផ្លូវដ៏ល្អស្អាតមួយចំនួនបានទទួលរងការខូចខាត ដោយសារការជីកកកាយដោយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីកប់បណ្តាញក្រោមដី ហើយពេលធ្វើសងវិញ មិនមានការទទួលខុសត្រូវ ទើបអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជាពិសេសអភិបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរាល់ការ ខួងឆ្លងផ្លូវ ឬជីកកាយដី ដើម្បីកប់ខ្សែកាប្លិ៍ក្រោមដី ដោយស្ថាប័នរដ្ឋនានា និងក្រុមហ៊ុនឯកជនទាំងនោះ ពេលធ្វើសវិញ វាបង្កឲ្យមានភក់ជ្រាំ ជង្ហុក ឬទុកចោល និងដីហុយជាដើម ដែលទទួលរងនូវការ រិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ។
ការស្នើបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការជួសជុលគន្លងខ្សែកាប្លិ៍ ដែលបានជីកកប់ក្រោមដី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ទាំងរដ្ឋនិងឯកជនជាច្រើននាក់ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលបញ្ជាក់ថា «បើទោះជាមានលិខិតអនុញ្ញាតិក៏ដោយ ក៏ត្រូវតែចុះពិនិត្យស្ថានភាពជាក់ស្តែងដែរ ដើម្បីដឹងថា ការជីក ឬខួងផ្លូវរបស់អង្គភាពទាំងនោះ មានផលប៉ះពាល់អ្វីខ្លះ និងមានការទទួលខុសត្រូវបែបណា ពីអង្គភាពទាំងនោះ ត្រូវតែមានកិច្ចសន្យាជាក់លាក់ថា ក្រោយពេលជីកកាយកប់ ឬខួងផ្លូវហើយ ក្រុមហ៊ុនទាំងនោះ ត្រូវតែជួសជុលឱ្យបានត្រឹមត្រូវ តាមបទដ្ឋានដើម ដោយធានានូវគុណភាពផ្លូវ ចិញ្ចើមផ្លូវមានសោភ័ណភាពល្អដូចមុនធ្វើ»។
លោកអភិបាល ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន មានសង្កាត់ ខណ្ឌ និងមន្ទីរជាដើម ត្រូវតែពិនិត្យមើលជាប្រចាំ ដើម្បីឱ្យបានដឹងថា ក្នុងមូលដ្ឋានរបស់ខ្លួន មានកន្លែងណាជីកកាយ ឬខួងផ្លូវធ្វើអ្វី ព្រោះថា កន្លងមកនេះមានការណីលួចជីកកាយ និងខួងផ្លូវ ហើយអាជ្ញាធរមិនបានដឹងធ្វើឱ្យខូចផ្លូវហើយគ្មានអ្នកទទួលខុសត្រូវ ក្នុងការជួសជុលឡើងវិញ។
លើសពីនេះ លោកអភិបាលស្នើឱ្យពិនិត្យឡើងវិញ ចំពោះរថយន្តដឹកខ្សាច់ ដែលបង្កឱ្យជ្រុះខ្សាច់ប្រឡាក់ផ្លូវ និងមានដីហុយ ធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញ បើរកឃើញក្រុមហ៊ុនដឹកដី ឬខ្សាច់ណាមិនទទួលខុសត្រូវ លើបញ្ហាបោសសំអាតត្រូវបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១ ផ្លូវ៦០ម៉ែត្រជាដើម។
លោក ឃួង ស្រេង ក៏បានស្នើផងដែរថា រាល់សកម្មភាពការងារ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវតែមានកិច្ចប្រជុំពិភាក្សាគ្នា និងមានរបាយការណ៍បញ្ជូនមកតាមឋានានុក្រម ឱ្យបានច្បាស់លាស់ និងជាប់លាប់ ដើម្បីបានដឹង និងពិនិត្យលទ្ធក្នុងការដោះស្រាយ រាល់ផលប៉ះពាល់ ដែលបង្ករឡើង ដោយសកម្មភាពទាំងនោះ ក្រោមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ៕