(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្ដែងក្ដីរំពឹង និងសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ នៅក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទើបត្រូវបានតែងតាំងថ្មីនេះ នឹងរួមគ្នា ខិតខំប្រឹងប្រែងអនុវត្តការងារ ដែលរាជរដ្ឋាភិបាល និងក្រសួងប្រគល់ជូន ឲ្យទទួលបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របទៅតាមជំនាញ និងការប្ដេជ្ញាចិត្តរបស់មន្រ្តីគ្រប់ៗរូប។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ទៀតថា ការតែងតាំងនេះ គឺធ្វើឡើងឲ្យស្របតាមគោលការណ៍ច្បាប់ គឺថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវធ្វើការតែងតាំងឡើងវិញ តាមរយៈព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស គឺចាប់ពីថ្នាក់ដឹកនាំ រហូតដល់មន្ត្រីរាជការក្រោមឱវាទ បន្ទាប់ពីក្រសួងត្រូវបានប្តូរឈ្មោះ ជា «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។
ការថ្លែងបែបនេះ គឺក្នុងឱកាសដែលលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់ព្រះរាជក្រឹត្យអនុក្រឹត្យ និងប្រកាសជូនថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្តថា «ដូច្នេះថ្ងៃនេះ យើងធ្វើការប្រគល់ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស ចាប់ពីថ្នាក់ដឹកនាំ រហូតដល់មន្ត្រីមានឋានៈអនុប្រធាននាយកដ្ឋានទាំងអស់។ ដោយឡែក សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទើបបង្កើតថ្មី ស្របជាមួយការប្តូរឈ្មោះក្រសួងនោះ នឹងត្រូវរៀបចំពិធីដូចគ្នានេះ នាពេលបន្ទាប់ទៀត»។
ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យក្រសួងបានដើរតួយ៉ាងសំខាន់ក្នុងខឿន សេដ្ឋកិច្ចជាតិ ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេចប្តូរឈ្មោះថ្មី ហើយបានបញ្ចូលជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមុខជំនាញដ៏មានសារៈសំខាន់ ដែលក្រសួងត្រូវទទួលបន្ទុកការងារថ្មីនេះ បន្ថែមទៀត។
លោក សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅ បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានបង្កើតជាផ្លូវការតាមរយៈព្រះរាជក្រម លេខៈនស/រកម/០៣២០/០០៩ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០។
បន្ទាប់មក លោក ជួរ ជេតទីវន្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ បានអានព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស ស្តីពីការត្រាស់បង្គាប់ និងតែងតាំងមន្រ្តីរាជការ ដោយលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអញ្ជើញផ្តល់កិត្តិយសចែកជូនព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសដល់ថ្នាក់ដឹកនាំចាប់ពីរដ្ឋេលខាធិការ ដល់អនុប្រធាននាយកដ្ឋាន គ្រប់ៗគ្នា៕