(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ បានដឹកនាំអនុសាខាកាកបាទ ក្រហម កម្ពុជាខណ្ឌ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ឧបត្តម្ភជូនដល់ប្រជាពលរដ្ឋ ចំនួន៣២គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ។
លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ជាក់ស្តែង ដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វី ទាំងអស់ ហើយលោកក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត នឹងខិតខំបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗ ដើម្បីទ្រទ្រង់គ្រួសារឲ្យល្អប្រសើរឡើង។
នាឱកាសនោះដែរ លោក ចេង មុនីរ៉ា ក៏បានជំរាបជូនប្រជាជនថា បើទោះបីជំងឺ COVID-19 នៅកម្ពុជា ក្រោយព្យាបាលបានជាសះស្បើយ និងទើបរកឃើញ២នាក់ថ្មី ដែលនាំចូលពីបរទេសក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលបានប្រកាសថា នេះមិនមែនជារលកទី២ នៃជំងឺ COVID-19 ទេ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលឲ្យចេះថែទាំសុខភាពឲ្យបានល្អ និងទប់ស្កាត់ការឆ្លងមេរោគ COVID-19 ពោលគឺយើងរួមគ្នា ប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អភិបាលខណ្ឌច្បារអំពៅ ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុសកូរ៉ូណា១៩ (COVID-19) នេះ សូមបងប្អូនជឿជាក់ ដោយទុកចិត្ត មកលើការដឹកនាំ និងធ្វើទៅតាមការណែនាំ របស់សម្ដេចតេជោហ៊ុន សែន និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការ ក្នុងការការពារ នៃការឆ្លងមេរោគ កូវីដ១៩នេះ ។
ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាជនទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ពោលគឺត្រូវតែស្អាតជានិច្ច ដើម្បីជៀសវាងផុត នូវការឆ្លងនិងការរីករាលដាលនៃវីរុសកូរ៉ូណា១៩ (COVID-19) នេះ។
គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនប្រជាពលរដ្ឋ៣២គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ មី ស្ករស ទឹកស៊ីអ៊ីវ ត្រីខ ទឹកដោះគោ និងថវិកាមួយចំនួន៕