(ស្វាយរៀង)៖ អ្នកភូមិត្រពាំងពិការ ឃុំអំពឹល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងមានការចាប់អារម្មណ៍ខ្លាំង ចំពោះការចិញ្ចឹមឃ្មុំធម្មជាតិ តាមបែបបច្ចេកទេសនៅព្រៃធម្មជាតិ ដែលទទួលផលបានល្អប្រសើរ និងចង់បានដើមទុនពង្រីកធុងចិញ្ចឹមឃ្មុំបែបធម្មជាតិនេះឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ និងសហគមន៍។
បើតាមលោក ទូច ស្រី ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រធានសហគមន៍ចិញ្ចឹមឃ្មុំព្រៃធម្មជាតិត្រពាំងពិការ បានឲ្យដឹងថា ការចិញ្ចឹមឃ្មុំនេះ គឺចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០នេះ គឺ០៦ខែហើយ។
ពូជឃ្មុំនេះ គឺជាពូជឃ្មុំអ៊ីតាលី ដែលមានការគាំទ្រ និងផ្តល់ពូចពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងគម្រោងកម្មវិធីអាប់ស្បាយ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ពូជឃ្មុំចំនួន២៣ធុង ក្នុង១ធុងមានឃ្មុំ ចំនួន១ម៉ឺនក្បាល គិតជាទឹកប្រាក់ជាង៧,០០០ដុល្លារ។
លោក ទូច ស្រី បន្តទៀតថា ការចិញ្ចឹមឃ្មុំធម្មជាតិ រយៈពេល១៥ថ្ងៃ ប្រមូលផលម្តង ២៣ធុង យកទឹកឃ្មុំបាន៤៥លីត្រ ក្នុង១ខែ យកទឹកឃ្មុំបាន៩០លីត្រ ហើយទឹកឃ្មុំ ០១លីត្រ តម្លៃ៨ម៉ឺនរៀល ឬ១ដបកន្លះលីត្រតម្លៃ៤ម៉ឺនរៀល។ ថវិកាដែលបានមកពីការលក់ទឹកឃ្មុំនេះ គឺសម្រាប់ឧបត្ថម្ភគណៈកម្មការដើរល្បាតថែរក្សាព្រៃឈើ។
គណកម្មការព្រៃឈើ មានចំនួន០៩នាក់ ស្រី១នាក់ជាគណនេយ្យ ហើយសហគមន៍ពុំទាន់មានថវិកា គាំទ្រ ឬឧបត្ថម្ភទេ គឺធ្វើការដោយស្មគ្រ័ចិត្ត។ ហើយព្រៃឈើធម្មជាតិ មានដើមឈើចម្រុះលើផ្ទៃដី សរុប៤៤៤ហិកតា និងមានវល្ល៍ និងរក្ខជាតិចម្រុះផ្កាផ្លែ ប្តូរគ្នាតាមរដូវខួបប្រាំងខួបវស្សា។
បើតាមលោកទូច ស្រី បានឲ្យដឹងទៀតថា ឃ្មុំជាសត្វមួយប្រភេទ រស់នៅជាសហគមន៍ គ្រប់គ្រងដោយស្តេចឃ្មុំញី តែមួយគត់ក្នុងមួយសំបុក មានអាម៉ាតយាមសំបុកចំនួន៥ក្បាល មានឃ្មុំកម្មករតិចច្រើន ទៅតាមសំបុក ឬតាមពូចឃ្មុំតូចធំ។ ចំណែកឃ្មុំពូជអ៊ីតាលី ដែលអ្នកជំនាញ បានចាប់យកមកដាក់ធុងចិញ្ចឹមបែបបច្ចេកទេសនេះ ក្នុងមួយធុងមានស្តេចឃ្មុំញីមួយ មានឃ្មុំអាម៉ាតអ្នកយាមសំបុក ៥ក្បាល មានឃ្មុំកម្មករ១ម៉ឺនក្បាល។
ក្នុង១ធុង មានស្តេចឃ្មុំញីមួយគត់ ស្តេចឃ្មុំញី មានតួនាទីពងបង្កើតកូន (ឃ្មុំស្តេចញីមួយពងបានរាប់ម៉ឺនក្បាល)និងបញ្ជាឲ្យអាម៉ាតយាមសំបុក មើលការខុសត្រូវ មិនឲ្យឃ្មុំសហគមន៍ផ្សេង ឬសំបុកផ្សេងចូលមក ក្នុងធុងឬសំបុក មើលខ្លាចឃ្មុំកម្មករនាំលម្អងផ្កាដែលមានជាតិពុលចូលក្នុងសំបុកធុង។
បើមានឃ្មុំកម្មករណា នាំលម្អងផ្កាដែលមានជាតិពុល មកដល់ខាងមុខធុង ឬនៅមុខសំបុក គឺចាប់ខាំសម្លាប់ចោលភ្លាម ហើយឃ្មុំមកពីសហគមន៍ផ្សេង ឬមកពីសម្បុកផ្សេង ចូលមកគឺខាំសម្លាប់ចោលភ្លាមៗផងដែរ។
ចំណែកឃ្មុំអាម៉ាតមានមាឌធំ ជាងឃ្មុំកម្មករ ហើយស្គាល់ឃ្មុំកម្មករសំបុកខ្លួនទាំងអស់ នឹងដឹងក្លិនផ្កាដែលមានជាតិពុលទៀត។ លោកបានបន្តថា ស្តេចឃ្មុំញី បញ្ជារ ឃ្មុំកម្មករឲ្យរកចំណីចិញ្ចឹមស្តេចឃ្មុំញី និងចិញ្ចឹមអាម៉ាត និងកូនៗឃ្មុំកម្មករ និងរកទឹក និងលម្អងផ្ការមកផលិតទឹកឃ្មុំ។
ឃ្មុំមានតែស្តេចឃ្មុំញីមួយគត់ គ្មានស្តេចឃ្មុំឈ្មោលទេ ហើយស្តេចឃ្មុំញី មានអាយុយ៉ាងតិច០២ឆ្នាំ គឺស្លាប់ហើយមុន និងគេស្លាប់គេបង្កើតកូន បើមានឃ្មុំឈ្មោល និងមួយធុង ឬមួយសំបុកបើមានកូនឃ្មុំឈ្មោលច្រើន គឺត្រូវខាំសម្លាប់ចោលទុកតែ៣០ក្បាល សម្រាប់បន្តពូចបង្កើតពូជស្តេចឃ្មុំញី ក្រោយពីឃ្មុំឈ្មោល បង្កាត់ពូជបង្កើតបាន ពូជស្តេចញីហើយ ស្តេចឃ្មុំញីសម្លាប់ឃ្មុំឈ្មោលចោលទាំងអស់ភ្លាម។
លោក ទូច ស្រី បានលើកឡើងទៀតថា នៅក្នុងសហគមន៍ឃ្មុំ មានស្តេចឃ្មុំញីមួយ ឃ្មុំអាម៉ាត០៥គឺញីទាំងអស់ មេឃ្មុំកម្មករនិងឃ្មុំកម្មករ គឺញីទាំងអស់ ហើយឃ្មុំកម្មករ មិនអាចបង្កើតពងកូនបានទេ មានតួនាទីតែដើររកចំណី និងទឹកលម្អងផ្កាប៉ុណ្ណោះ។ ស្តេចឃ្មុំញី មួយធុង ឬ១សំបុកមានតែមួយទេ បើមាន២ គឺមួយដែលកើតក្រោយ ត្រូវហើយចេញចោលសំបុក ទៅបង្កើតសំបុកថ្មីនាំកូនចៅ មានឃ្មុំអាម៉ាត និងឃ្មុំកម្មករទៅជាមួយបង្កើតសហគមន៍ថ្មី។
បើតាមលោក គង់ សុខ ជំទប់ទី១ ឃុំអំពឹល បានឲ្យដឹងថា សហគមន៍ព្រៃឈើត្រពាំងពិការ គឺបម្រើផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋភូមិត្រពាំងពិការ ដែលមានប្រជាពលរដ្ឋ រស់នៅចំនួន៣៨៥គ្រួសារ មនុស្សសរុប១,៤៦៤នាក់ស្រី៧៤៨នាក់៕