(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមន្រ្តីសម្របសម្រួល ប្រទេសហត្ថលេខីអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ដោយសារបញ្ហា Covid-19 យើងពុំទាន់អនុវត្តន៍បាននូវផែនការសកម្មភាព ត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១ ក្រោមការជួយឧបត្ថម្ភរបស់អង្គការ UNODC នៅឡើយទេ និងសុំស្នើអង្គប្រជុំរបស់យើងជជែកពិភាក្សាគ្នារកឲ្យឃើញនូវដំណោះស្រាយសមស្របណាមួយ ដើម្បីអនុវត្តន៍ផែនការសកម្មភាពអនុតំបន់នេះ ឈានទៅឆ្លើយតបឲ្យបានទៅនឹងការគំរាមកំហែងដោយគ្រឿងញៀនបច្ចុប្បន្ននេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា «ស្របពេលដែលយើងមានបញ្ហាជំងឺ Covid-19 កិច្ចសហប្រតិបត្តិការគ្នាទាំងក្នុងតំបន់ និងលើសកលលោកមានការធ្លាក់ចុះ បានធ្វើឲ្យក្រុមឧក្រិដ្ឋជនអន្តរជាតិដែលមានអង្គការចាត់តាំង បានបង្កើនការឃុបឃិយជាមួយពួកឧក្រិដ្ឋគ្រឿងញៀនក្នុងស្រុកធ្វើសកម្មភាពល្មើសច្បាប់កាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលបាននឹងកំពុងក្លាយជាឧបសគ្គរារាំង ក្នុងការអនុវត្តផែនការអនុតំបន់ដែលរៀបចំដោយអង្គការ UNODC»។
ជាមួយគ្នានេះ កម្ពុជាបានចូលរួមសកម្មភាពជាមួយតំបន់ និងសាកលលោកខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្ត ពហុវិស័យស្តីពីការងារ ត្រួតពិនិត្យគ្រឿងញៀន និងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសក្នុងឆ្នាំ២០១៩ បង្រ្កាបបានបទល្មើសគ្រឿងញៀនចំនួន ៩៨០៦ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ២០.៤៩០នាក់ ព្រមទាំងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន ៧៥០គីឡូក្រាម៕