(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមបង្រ្កាបក្រុមចោរវាយប្លន់យកម៉ូតូ ដោយចាប់ខ្លួនបាន៣នាក់ ក្នុងចំណោចបក្ខពួកជាង១០នាក់ ក្រោយពួកគេ បានវាយប្លន់យកម៉ូតូមួយគ្រឿង។
លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានដឹកនាំកម្លាំងនគរបាលបំបែកករណីនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅពាក់កណ្តាលអាធ្រាត្រ ស្ថិតនៅភូមិចំការឪឡឹកទី២ សង្កាត់កាកាបទី២ ដោយកម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់កាកាបទី២ សហការជាមួយជំនាញព្រហ្មទណ្ឌខណ្ឌ។
លោក ម៉ន វុធី បានបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៣នាក រួមមាន៖
*ទី១៖ ឈ្មោះ ឡៃ មករា អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ខែម និស្ស័យ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១
*ទី៣៖ ឈ្មោះ មិត្ត សុវណ្ណនុត អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅបន្ទប់ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណបក្ខពួក ១១នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ក្នុងនោះមានស្រី ២នាក់ ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។
លោកបានឲ្យដឹងទៀតថា ចំណែកជនរងគ្រោះឈ្មោះ យ៉ា រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកអធិការបញ្ជាក់ថា សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៥គ្រឿង រួមមាន៖
*ទី១៖ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅសេរី ២០១៦ ឡើងតែម២០១៨ ពាក់ស្លាកលេខភ្នំពេញ1FZ 2262 ជារជារបស់ជនរងគ្រោះ
*ទី២៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១២ ពាក់ស្លាកលេខភ្នំពេញ1BE 6375 ជារបស់ជនសង្ស័យ
*ទី៣៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១៤ ពាក់ស្លាកលេខកំពង់ចាម1O5656 ជារបស់ជនសង្ស័យ
*ទី៤៖ ម៉ូតូម៉ាកហុងដាប៊ិតពណ៌ស មិនស្គាល់សេរី ពាក់ស្លាកលេខភ្នំពេញ1HS 3289 ជារបស់ជនសង្ស័យ
*ទី៥៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១៨ ពាក់ស្លាកលេខ កំពង់ ស្ពឺ1I8704។
សូមជម្រាបថា បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការខណ្ឌ ដើម្បីសាកសួរស្វែងរកបក្ខពួកបន្ថែមទៀត៕
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្រ្តីម្នាក់ក៏ត្រូវបានក្រុមចោរវាយសម្លាប់ក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នាយប់ថ្ងែទី២៥ ខែឧសភា ឆ្នាំ២០២០ ដើម្បីប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួនផងដែរ។ កម្លាំងនគរបាលក៏កំពុងតាមចាប់ខ្លួនក្រុមចោរទាំងនេះដែរ៕