(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលអំណោយម៉ាស៊ីនអេធីអឹមអង្ករ ចំនួន ៤គ្រឿង ពីប្រតិភូដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រតិភូថ្នាក់ដឹកនាំនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានជំនឿទុកចិត្ត និងយកម៉ាស៊ីន អេ ធី អឹម អង្ករ មកឲ្យកាកបាទក្រហមកម្ពុជា។
លោកស្រី បានមានប្រសាសន៍បន្ថែមទៀតថា តាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា នឹងយកម៉ាស៊ីន អេ ធី អឹម អង្ករទាំងអស់នេះ បញ្ជូនបន្តទៅសាលារាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញ នឹងធ្វើអត្តញ្ញាណកម្មជាមួយប្រជាពលរដ្ឋក្រីក្រ១ និងក្រីក្រ២ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការចែកអង្ករដោយផ្ទាល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមាឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
ជាកិច្ចឆ្លើយតប លោកស្រី អ៊ាត សោភា បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប៊ុនី ហ៊ុនសែន ដែលបានអនុញ្ញាត ក្រុមការងារនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមចំណែកការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា។
លោកស្រីបានបន្តទៀតថា ម៉ាស៊ីន អេ ធី អឹមនេះ អាចផ្ទុកអង្ករបានចំនួន ៥០០គីឡូក្រាម ហើយសម្រាប់ប្រតិបត្តិការដកយកអង្ករភាពងាយស្រួលគ្រាន់តែភ្ជាប់ជាមួយទូរស័ព្ទស្មាតហ្វូន (smart phone)៕