(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា សម្រាប់ការរៀបចំ និងប្រព្រឹត្តទៅនៃសាលាអភិបាលកិច្ចអនុវត្ត ឆ្នាំ២០១៦-២០២០។
លោក ឱក សេរីសោភក្តិ៍ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងនៅក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានេះថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ពិតជាបានរួមចំណែកដល់ការអនុវត្ត នងិសម្រេចឱ្យបានយុទ្ធសាស្រ្តនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។
លោកថា ការចុះអនុស្សារណនេះ ជាសាក្ខីកម្មមួយនៃការតាំងចិត្តរបស់ស្ថាប័នទាំងពីរ ដើម្បីចូលរួមលើកស្ទួយគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕