(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំពិធីចែកអំណោយមនុស្សធម៌ ក្រោមអធិបតីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត មន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋចំនួន ១៦៤គ្រួសារ ផងដែរ។
នៅក្នុងឱកាសចែកអំណោយមនុស្សធម៌នេះ ក្រុមការងារ មន្ត្រីរដ្ឋបាល យុវជន និងកម្លាំងប្រជាការពារ បានចែកជូនម៉ាស់ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកទទួលអំណោយ យ៉ាងយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសនោះ បានរៀបចំជូនពួកគាត់នូវកន្លែងអង្គុយស្ថិតក្នុងគម្លាតសុវត្ថិភាពឆ្ងាយៗពីគ្នា ប្រហែលប្រវែងជិត ២ម៉ែត្រ ក្នុងន័យបង្ការ និងទប់ស្កាត់ការចម្លងជំងឺរាតត្បាតកូវីដ-១៩ (COVID-19)។
សូមជម្រាបថា ក្នុងពិធីចែកអំណោយនោះទោះ បងប្អូនប្រជាពលរដ្ឋ ដែលបានមកសុំដោយមិមនមានឈ្មោះក៏លោក គាត ហ៊ុល ក៏បានចាត់ចែងប្រគល់អំណោយជូន ប្រជាពលរដ្ឋទាំងនោះផងដែរ។
ជាមួយគ្នានោះ អភិបាលក្រុងប៉ោយប៉ែត បានផ្ដាំផ្ញើសួរសុខទុក្ខនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមរស់នៅឲ្យមានអនាម័យ ត្រូវឧស្សាហ៍លាងដៃជាមួយជែល ឬអាល់កុល និងត្រូវពាក់ម៉ាសនៅតាមទីប្រជុំជនឲ្យបានគ្រប់ៗគ្នាទោះបីកូវីដ-១៩ នៅកម្ពុជាយើងបានធូរស្បើយច្រើនក៏ដោយ។
លោកអភិបាលក្រុងប៉ោយប៉ែត បានណែនាំបងប្អូនប្រជាពលរដ្ឋ ដែលមានមុខរបរត្រូវចូលផ្សារថៃ មេត្តាស៊ូទ្រាំបន្តិចសិន រង់ចាំឲ្យអាជ្ញាធរថៃ បើកច្រកជាផ្លូវការ ចាំចូលចេញចូលទៅប្រទេសថៃ ឲ្យស្របតាមផ្លូវច្បាប់ កុំលួចឆ្លងដែនចូលទឹកដីថៃ តាមច្រករបៀង ដោយខុសច្បាប់ឲ្យសោះព្រោះ បច្ចុប្បន្ននេះប្រទេសថៃកំពុងដាក់ប្រទេសគេស្ថិតក្នុងគ្រោះអាសន្ន។
នៅក្នុងឱកាសនោះផងដែរ លោក ង៉ោ ម៉េងជ្រួន ផ្ដាំផ្ញើ និងសុំចិត្តបងប្អូនប្រជាពលរដ្ឋ អំពីបញ្ហាបិតច្រទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កុំមានការភ័ន្តច្រឡំ ថ្នាក់ថ្នាំងចិត្តដល់អាជ្ញាធរ ព្រោះថ្នាក់ដឹកនាំ បានគិតគូរណាស់នូវទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ តាំងពីថ្ងៃដែលអាជ្ញាធរថៃប្រកាសបិទច្រកថ្ងៃដំបូងមកម្ល៉េះ មិនមែនទើបមកគិតគូរនោះទេ ចឹងហើយសុំចិត្តបងប្អូនធ្វើយ៉ាងណាអត់ធ្មត់បន្តិច រង់ចាំថ្នាក់ដឹកនាំប្រទេសទាំងពីរកដំណោះស្រាយ ហើយបងប្អូនត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដាំដុះដំណាំកសិកម្ម ដើម្បីផ្គត់ផ្គស់ជីវភាពប្រចាំថ្ងៃ ក្នុងពេលកូវីដ១៩កំពុងរាតត្បាតពុំទាន់ធូរ ស្បើយនៅទ្បើយនៅលើលោក៕