(ឧត្តរមានជ័យ)៖ ថ្លែងក្នុងឱកាសសំណេះសំណាល និងចាត់បញ្ជូនសិក្ខាមបញ្ចប់វគ្គបរិញ្ញាបត្រយោធាជំនាន់ទី៨ មកពីវិទ្យាស្ថានកងទ័ពជើងគោក ត្រូវបំពេញបេសសកម្មភារកិច្ច នៅវរសេនាតូចលេខ៤១៤ និងវរសេនាតូចលេខ៤១៣ នៃកងពលថ្មើរជើងលេខ៤១ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានលើកឡើងថា «ពលទាហ៊ានដែលបានឆ្លងកាត់សាលាហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ នឹងក្លាយជាធនធានដឹកនាំបន្តពីយោធាចាស់»។
លោកឧត្តមសេនីយ៍ទោ នាង ឃីម បានថ្លែងទៅកាន់សិក្ខាមថា នាយទាហានដែលបានឆ្លងកាត់វិទ្យាស្ថានកងទ័ពជើងគោក ត្រូវតែមានឆន្ទៈរឹងមាំ មិនត្រូវបោះបង់ចោលការសិក្សាឡើយ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា ទម្រាំលោកបានក្លាយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ គឺបានដោយផ្តើមចេញពីយុទ្ធជនចូលបម្រើជាតិមាតុភូមិ ដូចនឹងសិក្ខាមយើង ហើយក៏បានចូលរួមវគ្គសិក្សានៅក្រៅប្រទេស និងបានឆ្លងកាត់តស៊ូនៅលើសមរភូមិប្រយុទ្ធអស់ជាច្រើនដំណាក់ការផងដែរ។
លោកមេបញ្ជាការ បានបន្តទៀតថា «និស្សិតនាយទាហានយើងបច្ចុប្បន្ន ក្រោមប្រទេសមានសុខសន្តិភាព គឺមានឱកាសច្រើននៅក្នុងការទទួលបានភាពជោគជ័យ បានចូលសិក្សារៀនសូត្រ គ្រប់យុទ្ធវិធី ជំនាញ បណ្ដុះបណ្ដាលឲ្យមានសមត្ថភាព និងស្នាដៃល្អ ពេលចេញទៅបម្រើការងារ នៅតាមអង្គភាព»។
លោកបន្ថែមថា «ប្រទេសយើងមានសុខសន្តិភាពមកដល់ពេលនេះ គឺមិនមែនចៃដន្យទេ គឺក្រោមការបញ្ចប់សង្គ្រាមដោយយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានខិតខំការពាររបស់កងកម្លាំងប្រដាប់អាវុធ។ ដូច្នេះកាតព្វកិច្ចរបស់យើង ត្រូវត្រៀមគ្រប់ពេលវេលា ក្នុងការបណ្ដុះបណ្ដាលជំនាញរបស់កងទ័ព និងការការពារជាតិ និងប្រជាជន ព្រោះប្អូនៗជានាយទាហានជំនាន់ក្រោយ មានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សាវគ្គបំប៉នជំនាញ់គ្រប់ប្រភេទ ហើយជាធនធានមានសមត្ថភាព និងចំណេះដឹងខ្ពស់ទទួលខុសត្រូវ ដឹកនាំបន្តវេណពីនាយទាហានចាស់ៗសម្រាប់រយៈពេលទៅមុខទៀត»។
ជាមួយគ្នានេះដែរ លោកមេបញ្ជាការ បានជំរុញដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវចូលរួមទប់ស្កាត់ និងការពារអំពីបញ្ហាជំងឺឆ្លងកូវីដ១៩ បើទោះបីជាស្ថានភាពឆ្លងរីករាលដាល នៅក្នុងប្រទេសកម្ពុជា មានភាពស្ងប់ស្ងាត់បន្តិចក្តី តែយើងក៏មិនត្រូវភ្លេចខ្លួននោះឡើយ គឺត្រូវតែអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ចផងដែរ៕