(កណ្ដាល)៖ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលលោក ឌិត ទីណា បានប្រាប់ប្រជាពលថា «បើសិនបងប្អូនឃើញអ៊ូបូមខ្សាច់ណា ហ៊ានបូមក្រៅដែនអាជ្ញាបណ្ណ (បូមខុសពោងដែល បោះនៅលើទឹក) បូមខុសម៉ោងពេល ត្រូវរាយការណ៍មកក្រសួងតាមរយៈលេខ 095 727 727 ដោយមានមន្ត្រីចាំទទួលទូរស័ព្ទ ២៤ម៉ោងលើ ២៤ម៉ោង ពេលនោះក្រសួងនឹងចាត់វិធាន ការណ៍ភ្លាមៗចំពោះក្រុមហ៊ុនណាហ៊ានប្រព្រឹត្តល្មើសជាក់ស្ដែងទាំងនេះ»។
លោក ឌិត ទីណា ថ្លែងយ៉ាងដូច្នេះនៅក្នុងវិទិការសាធារណៈមួយ ដែលមានពលរដ្ឋចូលរួមរាប់រយនាក់ដែលមកពី៣ឃុំ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ និងឃុំពាមឧកញ៉ាអុង នៃស្រុកល្វាឯម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
មន្រ្តីជាន់ខ្ពស់រូបនេះ បានឆ្លើយតបបញ្ហាទៅលើការលើកឡើងរបស់ពលរដ្ឋថា ក្រសួងនឹងចាត់វិធានការលើក្រុមហ៊ុនណាហ៊ានប្រព្រឹត្តល្មើស ដោយផ្អាករយៈពេល ៧ថ្ងៃ ចំពោះករណីខុសលើកទី១ និងផ្អាករយៈ ៧ថ្ងៃទៀតចំពោះករណីខុសលើកទី២ ហើយបើសិនជាខុសជាលើកទី៣ ក្រសួងនឹងលុបអាជ្ញាបណ្ណក្រុមហ៊ុនខ្សាច់នោះចោលតែម្ដង។
លោក ឌិត ទីណា បានបញ្ជាក់ថា «សូមកុំមានការបារម្ភចំពោះការគ្រប់គ្រង ខណៈដែលក្រសួងមានក្រុមអធិការកិច្ច ចុះពិនិត្យ និងសិក្សាពីបញ្ហារាក់ ៣ខែម្ដង ដើម្បីពិនិត្យមើលលើទីតាំង និងសិក្សាពីស្ថានភាពទឹកការពារករណីហានិភ័យផ្សេងៗ»។
ក្នុងវេទិការនេះដែរលោក នៃ ចារី អភិបាលរងខេត្ត ជួសមុខលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រាប់សូមពលរដ្ឋកុំមានការបារម្ភជ្រុលហួសហេតុ កុំជឿតាមការញុះញុង របស់ជនអគតិមួយចំនួន ខណៈតំបន់នេះរាជរដ្ឋាភិបាលកំពុងអភិឌ្ឍន៍ប្រែក្លាយឱ្យទៅជាតំបន់មានសក្ដានុពល មានការរីកចំរើន មានសេដ្ឋកិច្ច និងផ្ដល់ការងារច្រើនដល់ពលរដ្ឋ យើងឱ្យមានប្រាក់ចំនួលទៀតផង។
លោកថា តំបន់ស្រុកល្វាឯមនេះត្រូវបានគេបូមមានចំនួន ៣ចំណុច ហើយការបូមនេះនឹងបូមដោយបច្ចេកទេសត្រឹមត្រូវ តែបើសិនជាក្រុមហ៊ុនណាហ៊ានបំពានសារាចរណ៍ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ សូមពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ប្រកបដោយភាពស្មោះត្រង់។
ទន្ទឹមនឹងសារនេះដែរ ប្រធានក្រុមហ៊ុនបូមខ្សាច់ Sand Basac ដែលទទួលសិទ្ធិបូមខ្សាច់នៅទាំង ៣ចំណុចខាងលើ លោក លី ធី ក៏បានលើកឡើងដែរថា «ក្រុមហ៊ុនមានបច្ចេកទេសត្រឹមត្រូវ និងច្បាស់លាស់ក្នុងការងារនេះ ហើយគោរពតាមសារាចរណ៍ណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរខេត្តកណ្ដាលឱ្យបានខ្ចាប់ខ្ចួន»៕