(ភ្នំពេញ)៖ មុន និងក្រោយការប្រកាសលទ្ធផល នៃការជ្រើសរើសអគ្គលេខាធិការថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានមន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីបក្សនយោបាយផងដែរ នាំគ្នាសម្តែងអារម្មណ៍ទោមនស្សជាខ្លាំង ចំពោះបេក្ខភាព លោក ទេព នីថា ដែលបានបន្តកាន់តំណែងអគ្គលេខាធិការរបស់ គ.ជ.ប។ ឆ្លើយតបអារម្មណ៍ទោមនស្សក្រោមក្រសែភ្នែកវិជ្ជមាន របស់អ្នករិះគន់នេះ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងថា ការជ្រើសរើសតំណែងអគ្គលេខាធិការថ្មី ឬ ចាស់មិនមែនជា រឿងសំខាន់ឡើយ តែបញ្ហាសំខាន់ត្រូវមានសមត្ថភាពលើប្រព័ន្ធការងារបោះឆ្នោត ជួយឲ្យការងារបោះឆ្នោតអាចប្រព្រឹត្តទៅបាន ទាន់ពេលវេលា និង ប្រកបដោយយុត្តិធម៌។
លោក ស៊ិក ប៊ុនហុក បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំសម្រេចជ្រើសរើសអគ្គលេខាធិការ និង អគ្គលេខាធិការរង ទាំង ៥រូប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះថា ច្បាប់បានចែងយ៉ាងច្បាស់ថា គ.ជ.ប គឺជាស្ថាប័នឯករាជ្យ និង អព្យាក្រឹត ធានាដំណើរការ នៃការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ ជាពិសេសស្ថាប័ន គ.ជ.ប និង សមាជិកទាំង ៩រូប មិនស្ថិតក្រោមគណបក្សនយោបាយ ឬ ការបង្គាប់បញ្ជាពីជនណាម្នាក់នោះឡើយ។
ចំពោះការជ្រើសរើសតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការទាំង ៥រូប ត្រូវបានលោក ស៊ិក ប៊ុនហុក បញ្ជាក់ថា ត្រូវបានធ្វើ ឡើង ដោយការពិនិត្យយ៉ាងល្អិតល្អន់ ជាពិសេសត្រូវផ្អែកលើសមត្ថភាពជាធំ មិនផ្អែកលើមនោសញ្ចេតនា លើគណបក្សនយោ បាយ និន្នាការនយោបាយ ឬផ្អែកលើមតិរបស់អ្នករិះគន់នោះឡើយ ពោលត្រូវឆ្លើតបឲ្យបានតាមភរកិច្ចរបស់ខ្លួន។
ប្រធាន គ.ជ.ប រូបនេះ បានថ្លែងយ៉ាងដូច្នេះ «ការរក្សាទុកអ្នកចាស់ ឬជ្រើសរើសអ្នកថ្មី មិនសំខាន់ទេ ចំពោះគ.ជ.ប។ សំខាន់ប្រ ព័ន្ធការងាររបស់ គ.ជ.ប អាចជឿទុកចិត្តបានទេ សំខាន់ការប្រព្រឹត្តទៅរបស់ គ.ជ.ប មានយុត្តិធម៌ មានតម្លាភាព ឬអត់ អានោះ ដែលសំខាន់»។
លោកប្រធាន គ.ជ.ប បានបន្ថែមទៀតថា ការងារបោះឆ្នោត គឺជាការងារ ដ៏លំបាកមួយ ដែលមិនមាននរណាចេះតែធ្វើបានឡើយ ព្រោះជំនាញនេះ មិនមានសាលាណាបណ្តុះនោះឡើយ។ ដូច្នេះទាមទារមន្រ្តីមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដើម្បី ធានាដំណើរការ នៃការបោះឆ្នោតឲ្យប្រព្រឹត្តទៅបានទាន់ពេលវេលា។
លោក បានបន្តថា ប្រសិនបើ គ.ជ.ប មិនរៀបចំដំណើរការបោះឆ្នោតបានទាន់ពេលវេលាទេ មិនមែនអ្នករិះគន់ទាំងអស់នោះ ជា អ្នកមកទទួលខុសត្រូវចំពោះមុខរដ្ឋសភា និងប្រវត្តិសាស្រ្តជាតិ ជំនួសសមាជិក គ.ជ.ប ទាំង ៩រូបនោះឡើយ។
លោក ស៊ិក ប៊ុនហុក នៅបានសង្កត់ធ្ងន់ថា ទោះអគ្គលេខាធិការថ្មី ឬចាស់ មិនអាចធ្វើការសម្រេចបញ្ហាអ្វីបានទាំងអស់ ប្រសិនបើ គ្មានការឯកភាពពីសមាជិកទាំង ៩រូបរបស់ គ.ជ.ប ទេនោះ។ លោក ស៊ិក ប៊ុនហុក បានអះអាងថា សមាជិកទាំង ៩រូប មន្រ្តី និង បុគ្គលិករបស់ គ.ជ.ប សុទ្ធតែមានមនសិការ និង ធ្វើការរួមគ្នាប្រកបដោយភាពល្អប្រសើរ។
គ.ជ.ប ថ្មី ដែលកើតចេញពីកិច្ចព្រមព្រៀង នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បន្ទាប់ពីដំណើរការបានជិត ១ ឆ្នាំ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានសម្រេចជ្រើសរើសតំណែងអគ្គលេខាធិការថ្មី ១រូប និងអគ្គលេខាធិការរងចំនួន ៤រូប។ តំណែងអគ្គលេខាធិការថ្មី ត្រូវបានធ្លាក់ទៅលើលោក ទេព នីថា ដដែល ខណៈអគ្គលេខាធិការរង បានទៅលើលោក ម៉ៅ សុភារិទ្ធ, លោក សោម សូរីដា, លោក នី ចរិយា និង លោក ម៉ុក ដារ៉ា។
គ.ជ.ប ថ្មី កើតចេញពីកិច្ចព្រមព្រៀងគណបក្សជាប់ឆ្នោតទាំងពីរ បានធ្វើការកែប្រែច្បាប់លក្ខន្តិកៈ ព្រមទាំងនីតិវិធីចុះឈ្មោះអ្នក បោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដោយរំពឹងថា នឹងធ្វើឲ្យដំណើរការបោះឆ្នោតនាអាណត្តិក្រោយៗ បានប្រព្រឹត្តទៅប្រកប ដោយតម្លាភាព យុត្តិធម៌ អាចឲ្យគ្រប់គណបក្សទទួលយកបាន និង គ្មានអ្នកឡាំប៉ា៕